(ភ្នំពេញ)៖ តើអ្វីទៅជា «ការលែងលះ» ? ការលែងលះគឺសំដៅទៅលើការផ្តាច់ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ រវាងប្តី និងប្រពន្ធ ដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន។ ដូចដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដឹងរួចមកហើយថា បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន នោះមិនអាចចាត់ទុកថាមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ ហើយការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា “អនីតិសង្វាស” ការរស់នៅជាអនីតិសង្វាសបែបនេះ ប្រសិនបើ បុរស-នារីរូបនោះអស់មនោសញ្ចេតនាលែងចង់រួមរស់ជាមួយគ្នាទៀត ពួកគេគ្រាន់តែសម្រេចចិត្តដើរចេញ បែកលំនៅឋានគ្នា និងលែងរួមរស់នៅជាមួយគ្នាជាការស្រេច។

ដូច្នេះកម្មវីធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី “នីតិវិធីក្នុងការលែងលះ” មកធ្វើការបកស្រាយដូចតទៅ៖

នីតិវិធីក្នុងការលែងលះសម្រាប់ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ មាន០២ ប្រភេទគឺ (០១)ការលែងលះដោយមានការព្រមព្រៀង និង(០២) ការលែងលះដែលមានមូលហេតុ ដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី នេះបើយោងតាមមាត្រា៩៧៨ និង៩៧៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា។

(០១) ការលែងលះដោយមានការព្រមព្រៀង មានន័យថាភាគី(ប្តី និងប្រពន្ធ)នៃអាពាហ៍ពិពាហ៍ បានឯកភាពគ្នាដោយស្ម័គ្រចិត្តរំលាយចំណងអាពាហ៍ពិពាហ៍ ហើយភាគី ត្រូវដាក់ពាក្យសុំលែងលះ ដោយភ្ជាប់ជាមួយកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត ទៅសាលាដំបូងរាជធានី/ខេត្ត បើតុលាការរកឃើញថាភាគីទាំងពីរមានឆន្ទៈព្រមព្រៀងពិតប្រាកដ ក្នុងការរំលាយចំណងអាពាហ៍ពិពាហ៍ នោះតុលាការនឹងសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច “ដីកាសម្រេច” (យោងតាមមាត្រា០៣ កថាខណ្ឌ២ នៃច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង) ។

(០២) ការលែងលះដែលមានមូលហេតុដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺជាការលែងលះដោយមិនមានការព្រមព្រៀង មានន័យថាភាគីម្ខាង(ប្តី/ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ មិនមានឆន្ទៈក្នុងការលែងលះ តែភាគីម្ខាងទៀតមិនអាចរួមរស់ជាមួយគ្នាទៀតបាន ដោយយោងទៅលើមូលហេតុនៃការលែងលះ ដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា៩៧៨ កថាខណ្ឌ១) ដូចខាងក្រោម៖
* មានអំពើផិតក្បត់ ទៅលើសហព័ទ្ធ
* បោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ
* មិនដឹងច្បាស់ថា សហព័ទ្ធស្លាប់ ឬរស់អស់រយៈពេលជាង១ឆ្នាំ
* សហព័ទ្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់ អស់រយៈពេលជាង ០១ឆ្នាំ ដែលផ្ទុយនឹងគោលបំណងអាពាហ៍ពិពាហ៍
* ករណីផ្សេងទៀតដែលនាំឲ្យទំនាក់ទំនងត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។

ដូច្នេះភាគីម្ខាង(ប្តី/ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ អាចដាក់ពាក្យបណ្តឹងទាមទារលែងលះគ្នា ទៅសាលាដំបូងរាជធានី/ខេត្ត ហើយបើតុលាការរកឃើញថាមានមូលហេតុ និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថាភាគីទាំងពីរពិតជាមិនអាចរួមរស់នៅជាមួយគ្នាជាប្តី/ប្រពន្ធទៀតបាន នោះតុលាការត្រូវសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច «សាលក្រម» នេះបើយោងតាមច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល។

បើទោះបីជាពាក្យបណ្តឹងទាមទារការលែងលះរបស់ភាគី មានមូលហេតុដូចមានរៀបរាប់ខាងលើក៏ដោយ ប៉ុន្តែប្រសិន បើតុលាការយល់ឃើញថាការលែងលះនោះ បណ្តាលឲ្យការ ទ្រទ្រង់ជីវភាពរបស់ប្តី/ប្រពន្ធ ឬកូន ក្រលំបាក ឬឈឺចាប់ដែលពុំអាចទ្រាំទ្របាន ឬដោយសារតែការទាមទារនោះផ្ទុយនឹងភាពសុចរិតនោះ តុលាការអាចច្រានចោល ការទាមទារលែងលះគ្នានោះបាន ដោយពិចារណាលើស្ថានភាពជាក់ស្តែង ឬដោយឆន្ទានុសិទ្ធិ។

ជាចុងក្រោយការលែងលះ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ដែលប្តី/ប្រពន្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ។ ភាគី(ប្តី/ប្រពន្ធ)មិនអាចបង្កើតកិច្ចព្រមព្រៀងលែងលះក្រៅប្រព័ន្ធតុលាការ ឬគ្រាន់តែដាក់លិខិតជូនដំណឹងទៅសាលាឃុំ/សង្កាត់បានទេ។ ប្រសិនបើមិនបានឆ្លងកាត់ការសម្រេចសេចក្តីតាមរយៈសេចក្តីសម្រេចរបស់តុលាការនោះទេ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវទុកជាបានការដដែល។
ផ្ទុយមកវិញបើសិនជាចំណងអាពាហ៍ពិពាហ៍ដែលបុរស-នារី បានរួមរស់នៅជាមួយគ្នាដោយគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណីទំនៀមទម្លាប់ ឬពិធីតាមបែបសាសនា ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អនីតិសង្វាស) ពួកគេពុំចាំបាច់ឆ្លងកាត់ការលែងលះ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ តាមរយៈប្រព័ន្ធតុលាការឡើយ ពោលគឺបុរស-នារីរូបនោះ គ្រាន់តែរស់នៅបែកគ្នាជាការស្រេច ប៉ុន្តែក្នុងករណីពួកគេមានកូនៗ ឬទ្រព្យសម្បត្តិ ដែលត្រូវធ្វើការបែងចែកអំណាចមេបា និងការផ្តល់អាហាកាតព្វកិច្ច ឬការបែងចែកទ្រព្យដោយឡែក/ទ្រព្យរួម ពួកគេអាចដាក់ពាក្យសុំ ឬពាក្យបណ្តឹងទៅតុលាការដើម្បីសម្រេចសេចក្តីជូនពួកគេបាន (ពាក្យបណ្តឹងដែលមានកម្មវត្ថុស្នើសុំសិទ្ធិអំណាចមេបាលើកូន ឬ/និង បែងចែកទ្រព្យ)៕

រៀបរៀងដោយ៖ កញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ និងលោក សុខ ពន្លឺ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ