(ភ្នំពេញ)៖ គេនៅចាំបានថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ សម រង្ស៊ី និងក្រុមប្រឆាំងនឹងកម្ពុជាដែលរត់ចោលស្រុក បានធ្វើយុទ្ធនាការដ៏រំជើបរំជួលមួយ គឺការអំពាវនាវពីក្រៅប្រទេស ឱ្យពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំទៅបោះឆ្នោត ក្រោមទិសស្លោកនយោបាយ « ដេកផ្ទះ ឈ្នះឯង » ឬ«ម្រាមដៃស្អាត»។ មួយថ្ងៃពីរមុនដល់ថ្ងៃបោះឆ្នោតទី២៩ ខែកក្កដា សម រង្ស៊ី បានកែសម្រួលយុទ្ធសាស្រ្តនេះ ដោយដាក់ថា « ដេកផ្ទះ ឈ្នះខ្លួនឯង » ហើយគាត់ខំពន្យល់អំពីការកែសម្រួលទិសស្លោកនយោបាយរបស់គាត់នេះ។ ឥឡូវ ការបោះឆ្នោតបានចប់សព្វគ្រប់ លទ្ធផលបង្ហាញថា មានប្រជាពលរដ្ឋចំនួន ៨៣,០២% បានចេញទៅបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាបានឈ្នះភ្លូកទឹកភ្លូកដីបានកៅអីនៅរដ្ឋសភាទាំងអស់សរុប ១២៥ កៅអី។

បើយកលទ្ធផលនៃការបោះឆ្នោតនេះមកវិភាគឃើញថា អ្នកឈ្នះមានពីរ គឺ គណបក្សប្រជាជនកម្ពុជាឈ្នះបានកៅអីទាំងអស់នៅរដ្ឋសភា ហើយនឹងបន្តដឹកនាំរាជរដ្ឋាភិបាលរយៈពេល ៥ឆ្នាំបន្តទៅមុខទៀត ឯ សម រង្ស៊ី កំពុងដេកឈ្នះនៅផ្ទះ ដោយបានគ្រែទាំងមូល។ ចំណែកឯប្រជាជនខ្មែរ រស់នៅក្នុងប្រទេសឈ្នះបានប្រជាធិបេតយ្យ និងសន្តិភាព ដែល សម រង្ស៊ី និងគូកន ចង់បំផ្លាញនារយៈកាលកន្លងមក។ អ្នកវិភាគយុទ្ធសាស្រ្តមួយរូបធ្លាប់និយាយប្រាប់ខ្ញុំថា សម រង្ស៊ី មិនត្រឹមតែគិតលេខខុសពេលនេះ នោះទេ គឺខុសតាំងពីឈានជើងចូលធ្វើ នយោបាយមកម្ល៉េះ ហើយគិតលេខខុសនេះ គឺតឈាមមកពីឪពុករបស់ខ្លួន គឺជនក្បត់ជាតិ សម សារី រហូត សម រង្ស៊ី ទទួលគោរមងារហៅថា «អ្នកនយោបាយចាញ់ចាស់វស្សា»។ លទ្ធផលនៃ « ដេកផ្ទះ ឈ្នះឯង » បានចេញមកហើយ ហេតុអ្វី សម រង្ស៉ី មិនប្រកាសអំពីជ័យជំនះ ដែលគាត់ឈ្នះជានាយករដ្ឋមន្រ្តីនៅផ្ទះស្រុកបារាំង ដែលជាស្រុករបស់គាត់ផង!?

យុទ្ធសាស្រ្ត «ដេកផ្ទះ ឈ្នះឯង» នេះ គឺជាការសម្រេចចិត្តខាងនយោបាយ តាមបែបសាមញ្ញហៅ «មួយចានទឹក មួយចានគោក»។ តាមពិតនៅមុនពេលបោះឆ្នោត, «គណបក្សភ្លើងទៀន» របស់ សម រង្ស៉ី បានលួចកែប្រែលក្ខន្តិកៈលុបចោល «ខ» ដែលហាមគណបក្សនេះ មិនអោយចូលរួមបោះ ដែលអ្នកវិភាគនយោបាយ ពន្យល់ថា វាគឺជាការត្រៀមលក្ខណៈផ្លូវច្បាប់ ដើម្បីចូលរួមបោះឆ្នោត។ ប៉ុន្តែ សម រង្ស៉ី បានផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយមិនអោយ «គណបក្សភ្លើងទៀន» ចូលរួមប្រកួតប្រជែងបោះឆ្នោត ដូចក្នុងសេណារីយោនយោបាយរបស់លោក ថាក់ស៉ីន នៅថៃនោះទេ។

ការផ្លាស់ប្តូរយុទ្ធសាស្រ្ត ពីការចូលរួមបោះឆ្នោតតាមច្រក «គណបក្សភ្លើងទៀន» ទៅជាមិនចូលរួមបោះឆ្នោតតាមទិសស្លោក «ដេកផ្ទះ ឈ្នះឯង» គឺបានធ្វើអោយផែនការ នយោបាយរបស់ក្រុមប្រឆាំង បានរលាយ ដូចអំបិលត្រូវទឹក ហើយជីវិតនយោបាយរបស់ សម រង្ស៊ី ក៏កំពុងស្ថិតក្នុងផ្លូវគ្រោះថ្នាក់ផងដែរ ដោយសារមានចលនារុញ សម រង្ស៊ី ចេញពីមេដឹកនាំក្រុមប្រឆាំង ដោយដាក់ជំនួស កឹម មនោវិទ្យា កូនស្រីរបស់ កឹម សុខា ហើយចលនានេះ បានចាប់ផ្តើមពីខាងអូស្រ្តាលី តាមរយៈលោក ហុង លឹម។ កំហុសធ្ងន់ធ្ងរបំផុតខាងនយោបាយរបស់ សម រង្ស៊ី គឺការប្រើយុទ្ធសាស្រ្តខុសក្បួន «ដេកផ្ទះ ឈ្នះឯង» ដែលលទ្ធផកនៃការអនុវត្តយុទ្ធសាស្រ្តនេះគឺ «ការយកអំណាចដាក់ ជើងពានប្រគល់អោយគណបក្សប្រជាជនកម្ពុជាដោយដៃទាំងពីរ ក្នុងកាយវិការលុតជង្គង់»។

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងកាន់អំណាចពេញដៃ គឺដល់ពេលវេលាសមស្រប សម្រាប់ការអនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីប្រមូលកម្លាំងកសាងប្រទេស តាមរយៈការទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោសអោយសកម្មជន នយោបាយដែលបានប្រព្រឹត្តអំពើខុសច្បាប់នាពេលកន្លងមក។ ការលើកលែងទោសនាពេលកន្លងមកនេះ ក្រៅពីកាយវិការ មនុស្សធម៌ វាក៏ជាយុទ្ធសាស្រ្តនយោបាយ កាត់ស្មៅក្រោមជើង សម រង្ស៊ី ផង និងធ្វើអោយសម រង្ស៉ី ឯកាខាងនយោបាយផង។

ជាការពិត សម រង្ស៊ី ចង់អោយមានអ្នកជាប់ឃុំច្រើន និងមិនចង់អោយមានការដោះលែងនោះទេ ដើម្បីយកអ្នកជាប់ឃុំទាំងនោះ ធ្វើជាចំណាប់ខ្មាំងសម្រាប់ឲ្យ វោហារសាស្រ្តនយោបាយ វៃប្រហារលើបញ្ហាសិទ្ធិមនុស្ស មានទំងន់ និងងាយស្រួលបញ្ចុះបញ្ចូលអោយបរទេសដាក់សំពាធលើកម្ពុជា។ បន្ទាប់ពីចាញ់ក្នុងយុទ្ធសាស្រ្តនយោបាយ « ដេកផ្ទះ ឈ្នះឯង» ហើយដើម្បីកុំអោយខ្លួនខ្ទាតចេញឆ្ងាយពីមេដឹកនាំប្រឆាំង, សម រង្ស៉ី នៅតែមិនទាន់ភ្ញាក់ដឹងខ្លួន និងបន្តយល់សប្តិមមីមមើលថា ការដោះលែងសកម្មជន នយោបាយដែលប្រព្រឹត្តខុសច្បាប់កន្លងមក គឺជាសំពាធនយោបាយទៅវិញ។ ហើយចុះបើ សម រង្ស៊ី ច្បាស់ថា សំពាធអន្តរជាតិមានឥទ្ធិពល លើកម្ពុជាដូចដែល សម រង្ស៉ី និយាយ ចឹងចុះហេតុដូចម្តេច បានជា សម រង្ស៊ី មិននាំគ្នីគ្នាក្នុងចលនាសង្រ្គោះជាតិ វិលចូលស្រុកវិញ។ នេះ មិនខុសពីពាក្យចាស់លោកពោលថា «ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ»៕

ដោយ៖ ចៅចាក់ស្មុក
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨