(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែង បុគ្គលិក-កម្មករនិយោជិតឆ្នើមឆ្នាំ២០១៨ ក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុនេះ។

ចំពោះក្រុមហ៊ុន/រោងចក្រ/សហគ្រាស ដែលមានបំណងចូលរួម សូមបញ្ជូនឈ្មោះ និងប្រវត្តិរូបសង្ខេប (CV) របស់បុគ្គលិក-កម្មករនិយោជិតរបស់ខ្លួន មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង នឹងចាប់ទទួលពាក្យ ពីថ្ងៃនេះទី២ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៨ តទៅ។

ការប្រកួតប្រជែងបុគ្គលិក-កម្មករនិយោជិតឆ្នើម ត្រូវបានរៀបចំឡើងសម្រាប់ប្រភេទមុខតំណែងចំនួន៥គឺ ទី១៖ អ្នកគ្រប់គ្រង ទី២៖ មេការឬបុគ្គលិកជាន់ខ្ពស់, ទី៣៖ ប្រធានក្រុម, ទី៤៖ អ្នកដេរ ឬបុគ្គលិកការិយាល័យ, ទី៥៖ បុគ្គលិក និងកម្មករទូទៅ (អ្នកបើកឡាន អ្នកថែសួន អ្នកសំអាត...)។ ចំណែកជ័យលាភីទំាងអស់ នឹងទទួលបានវិញ្ញាបនបត្របុគ្គលិក/កម្មករនិយោជិតឆ្នើមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹង៖

* លេខ១ ទទួលបានទឹកប្រាក់៣០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI

* លេខ២ ទទួលបានទឹកប្រាក់២០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI

* លេខ៣ ទទួលបានទឹកប្រាក់១០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទីភ្នាក់ងារជាតិមុខរបរ និងការងារៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោល រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៨០៨ ៩៨៧/ ០១៧ ៩៨៥ ៧៩៥/ ០១៥ ៨៨៨ ១៥៣៕