(ភ្នំពេញ)៖ ក្រុមហ៊ុន ដឹយូណាធីត ណូលីជ( The United Knowledge Company Ltd) និងក្រុមហ៊ុនអកស្វឺត យូនីវើស៊ីធី ប្រេស ( Oxford University Press) ដែលជាគ្រឹៈស្ថានបោះពុម្ពសិក្សាធិការ សៀវភៅ និងសម្ភារៈសិក្សាភាសាអង់គ្លេសដ៏ល្បីឈ្មោះ លើពិភពលោក បានសហការគ្នា រៀបចំទិវា Oxford day លើកទី៣ ដើម្បីអភិវឌ្ឍជំនាញនៃការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ឲ្យកាន់តែប្រសើរ តាមរយៈបច្ចេកវិទ្យាបង្រៀនចុងក្រោយនៅលើសកលលោក។

ទិវា Oxford day លើកទី៣នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីសំណាក់គណៈគ្រប់គ្រងសាលា បុគ្គលិករដ្ឋបាល គ្រូបង្គោល ប្រមាណ២០០នាក់ ដែលអញ្ជើញមក ពីសាលាភាសាអង់គ្លេស និងអង្គការនានា ទូទាំងប្រទេស ។

លោក ម៉េង ហៀង នាយកគ្រប់គ្រង Oxford University បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក អភិវឌ្ឍជំនាញ នៃការបង្រៀនភាសាអង់គ្លេស តាមរយៈការចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តបង្រៀនល្អៗ ក៏ដូចជាការណែរនាំនូវសៀវភៅ និងសម្ភារៈសិក្សាភាសាអង់គ្លេសថ្មីៗដល់ស្ថាប័នអប់រំ និងលោកគ្រូអ្នកគ្រូផងដែរ ពិសេសគន្លឹៈសិក្សាថ្មីៗនាពេលបច្ចុប្បន្នតែម្ដង ជាមួយលោកគ្រូ អ្នកគ្រូ មកពី Oxford University ។

លោក ម៉េង ហៀង «ក្រោយពីទទួលបានបទពិសោធន៍នៅថ្ងៃនេះ លោកគ្រូអ្នកគ្រូរបស់យើង ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ នឹងអាចយកបច្ចេកទេសថ្មីៗ​ទៅបង្រៀន ដើម្បីជាគន្លឹៈបង្កើននូវចំណេះដឹងល្អៗ បន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ការសិក្សាភាសាអង់គ្លេសនេះ ដល់សិស្សានុសិស្សនៅតាមសាលាកាន់តែប្រសើរ»។

លោកស្រី Onrangess Salakavises, Area Manager Oxford University Press បានថ្លែងថា «សម្រាប់ថ្ងៃនេះ យើងនឹងផ្ដល់នូវខ្លឹមសារបច្ចេកទេសនៃការបង្រៀន មានទាំងព័ត៌មាន ក៏ដូចជាការផ្សព្វផ្សាយ ឲ្យសាលាភាសា បានទទួលនូវ​ព័ត៌មានចុងក្រោយ ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗក្នុងការបង្រៀន។ ពិសេស យើងនឹងជួយផ្ដល់សេវាកម្ម ទៅដល់សាលា ដើម្បីឲ្យពួកគាត់ទទួលបាននូវមេរៀន និងបទពិសោធន៍នៃការបង្រៀនថ្មីៗ ។កត្តាសំខាន់ៗក្នុងការបង្កើន និងពន្លឿនការសិក្សាភាសាអង់គ្លេសនៅលើពិភពលោក ដែលយើងបានសហការជាមួយដៃគូ នៅតាមប្រទេស លោកគ្រូ អ្នកគ្រូ នាយកសាលា ឬគណៈកម្មាការសាលា យើងនឹងចែករំលែកនូវបទពិសោធន៍ទាំងនេះ ដល់សិស្សានុសិស្សកម្ពុជា ទៅតាមតំរូវការ» ។

សូមបញ្ជាក់ថា Oxford University ជាគ្រឹះស្ថានបោះពុម្ភសិក្សាធិការដ៏ល្បីឈ្មោះ ដែលមានវត្តមាន ទូទាំងពិភពលោក និងជានាយកដ្ឋាន ដែលស្ថិតក្រោមចំណុះ សាកលវិទ្យាល័យអកស្វឺត (Oxford)។
ការបោះពុម្ពផ្សាយទូទាំងពិភពលោកនេះ​ មានទិសដៅ និងគោលបំណង ពង្រីកបេកសកកម្ម របស់សាកលវិទ្យាល័យ លើផ្នែកអាហារូបករណ៍ ការស្រាវជ្រាវ និងការអប់រំ៕