(​ប៉ៃលិន)៖ ​សេចក្តីរាយការណ៍​ពីភ្នាក់ងារសារព័ត៌មាន Fresh News បានឱ្យ​ដឹង​ថា ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិនលោក សៀ​ក រតនៈ អាយុ​៥០​ឆ្នាំ បានរង​របួសធ្ងន់ ខណៈ​ប្រពន្ធគាត់បាន​ស្លាប់​តាម​ផ្លូវ​ពេល​កំពុងបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ត​ និងរថយន្តនៅ​លើ​ទឹកដី​ប្រទេស​ថៃ។

ហេតុការណ៍​រថយន្ត​ថៃ​បុក​រថយន្ត​ខ្មែរ​ ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះបាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​៖​២០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ។

​ស្ត្រី​រង​គ្រោះជាប្រពន្ធ​ដែល​បានស្លាប់​មានឈ្មោះ ឃាង ធា​រ៉ា​ផន អាយុ​៤១​ឆ្នាំ ជានា​យក​រងទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន និងប្តី​ឈ្មោះ សៀ​ក រតនៈ អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី។ រថយន្ត​ម៉ាក CRV ពណ៌​ប្រាក់ មិន​ស្គាល់​ផ្លា​ក​លេខទទួល​រង​ការ​ខូចខាត​ទាំងស្រុងផងដែរ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ដែលជាភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​ បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល។​

​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន ​ឆ្ពោះទៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ។ លុះ​កំពុង​តែ​ធ្វើ​ដំណើរ​សុខ​ៗ​តាម​ដងផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក មីសុ​យ​ប៊ីស៊ី ពណ៌​ស បើកបរ​វ៉ា​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ជន​រង​គ្រោះ​ យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ស្លាប់​តែ​ម្តង។

រថយន្ត​ទាំង​ពីរ​គ្រឿង ​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ ស្ទូច​យក​ចេញពី​ផ្លូវ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ។

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​ត្រឡប់​យក​មក​ខេត្ត​ប៉ៃលិន ​រួច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​លោក សៀ​ក រតនៈ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ប្រទេស​ថៃនៅឡើយ៕