(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលមានលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត និងលោកស្រី ព្រមទាំងសហការី បានសហការជាមួយលោក តាំង លក្ខហោ ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា នាំយកអំណោយជាស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៧៨០គ្រួសារ មកពីឃុំជីរោទ៍ទី១ និងឃ្មុំទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក តាំង លក្ខហោ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវដែលកំពុងខ្វះខាតនោះ ទើបសមាគមនបានសម្រេចនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងត្រូវការជាចាំបាច់នាពេលនេះក្នុងនាមប្រទេសជាមិត្ត។

លោកបញ្ជាក់ទៀតថា ស្បៀងអាហារដែលចែកជូននាពេលនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម, ប្រេងឆា ១គីឡូក្រាម, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ១ដប និងអំពូលភ្លឿងចំនួន២ ផងដែរ។

ថ្លែងនាឱកាសនោះលោក លី ឡេង បានផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរសុខទុក្ខរបស់ពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ។

លោក លី ឡេង បានថ្លែងអំណរគុណដល់សមាគមចិន ឆាងសាន នៅកម្ពុជា ដែលសហការជាមួយសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមកចែកជូនពលរដ្ឋនាពេលនេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ត្រូវប្រកាន់ភ្ជាប់នូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងក្រោយទឹកស្រកទៅវិញ សម្អាតបរិស្ថានជុំវិញផ្ទះឲ្យមានអនាម័យក្នុងការរស់នៅ ពិសេសខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព គ្រួសារឲ្យបានប្រសើរឡើង៕