(ភ្នំពេញ)៖​ គិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ អត្តពលិកកម្ពុជាទាំង ១៣ប្រភេទកីឡា ដែលកម្ពុជា បានបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានបញ្ចប់បេសកកម្មរបស់ខ្លួនអស់ហើយ ដោយបញ្ចប់ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យ ក្រោយដណ្ដើមបានមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ធ្វើឲ្យកម្ពុជាបំបែកនូវកំណត់ត្រាប្រវត្តិសាស្ដ្ររយៈពេល ៦៤ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។

ក្រោយបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យ ប្រតិភូ ថ្នាក់ដឹកនាំ ពិសេសអត្តពលិកដណ្ដើមបានមេដាយមាស និងសំរឹទ្ធ នឹងធ្វើដំណើរមកមាតុភូមិវិញ នាម៉ោង ៥៖៣៥នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញាដើមសប្ដាហ៍ក្រោយ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមរៀបចំនូវពិធីទទួលស្វាគមន៍យ៉ាងអធិកអធមផងដែរ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រាដែលសម្ដេចផ្ទាល់ ក៏ត្រៀមទទួលស្វាគមន៍ភ្លាមៗ នៅវិមានសន្ដិភាព នាល្ងាចនោះដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានឲ្យដឹងថា អត្តពលិកកម្ពុជា បានបញ្ចប់ការប្រកួតទាំងស្រុងក្នុងព្រឹត្តិការណ៍កីឡា Asian Games នេះហើយ តែប្រទេសមួយចំនួន មិនទាន់ចប់ទេ ដោយសារកីឡាខ្លះ នៅបន្ដការប្រកួតនៅឡើយ ។ ប៉ុន្ដែចំពោះកម្ពុជា គឺបានបញ្ចប់ដោយជោគជ័យ និងត្រចះត្រចង់បំផុត ក្រោយឈ្នះមេដាយមាស ២គ្រឿងលើកដំបូង ក្នុងប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ ។ ដូច្នេះក្រោយចូលរួមពិធីបិទកីឡា Asian Games ផ្លូវការនាល្ងាចថ្ងៃទីអាទិត្យស្អែក ប្រតិភូ ថ្នាក់ដឹកនាំ និងអត្តពលិកជ័យលាភី នឹងធ្វើដំណើរត្រឡប់មកកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ។

ប៉ុន្ដែអ្វីដែលពិសេស សម្រាប់ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកប្រកបដោយភាពជោគជ័យ NOCC បានត្រៀមរៀបចំពិធីទទួលស្វាគមន៍យ៉ាងអធិកអធម តាមអនុសាសន៍របស់សម្ដេចតេជោ ដោយមានត្រៀមនូវក្បួនរថយន្ដ អមដោយម៉ូតូកិត្តិយសនគរបាលជាតិចំនួន ៦គ្រឿង ដើម្បីហែរឆ្ពោះទៅវិមានសន្ដិភាព ហើយចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោ ហ៊ុន សែន ភ្លាមៗនាល្ងាចថ្ងៃទី០៣ ខែកញ្ញាតែម្ដង ។ លើសពីនេះ ក្រៅពីត្រៀមទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅ ក៏ដូចជាការសំណេះសំណាល សម្ដេចតេជោ ក៏នឹងធ្វើការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយជ័យលាភីនាឱកាសដ៏វិសេសវិសាលនោះផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ។

គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺមេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង៕