(កណ្តាល)៖ ថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជិះកង់ចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងឃុំជ្រោយតាកែវ និងឃុំកំពង់កុង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ដែលបានស្រឡាញ់ពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី បន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបន្តទៅមុខទៀត។

នៅចំពោះមុខប្រជាពលរដ្ឋស្រុកកោះធំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្តេជ្ញាថា រូបលោក និងក្រុមការងារ នឹងបន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តកសាង អភិវឌ្ឍន៍ភូមិឃុំ ក្នុងស្រុកកោះធំឲ្យមានការរីកចម្រើនបន្ថែមទៀត ដូចជាកសាងផ្លូវបេតុង ទឹកស្អាត ប្រឡាយទឹក ដាក់អំពូលបំភ្លឺផ្លូវជាដើម។

លោក ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ ហើយរូបលោក និងក្រុមការងារនឹងប្រឹងប្រែងដោះស្រាយជូនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនសន្ធឹនសន្ធាប់រហូតដល់ទៅជាង ៨៣%។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រជិត ៥លានសំឡេងឈានទៅគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភា១០០% តែម្តង ពោលអាសនៈនៅក្នុងរដ្ឋសភា ១២៥អាសនៈ គឺត្រូវគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ៕