(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានស្នើឲ្យពលរដ្ឋ ត្រូវខិតខំស្តារផលិតកម្មកសិកម្មឡើងវិញ ក្រោយពេលទឹកស្រក ហើយអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអង្ករ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សប្បុរសជន ជាង១០០តោន ទៅចែកជូនពលរដ្ឋដែលរងគ្រោះទឹកជំនន់ ជាង៥ពាន់គ្រួសារ ក្នុងឃុំកោះរកា, ឃុំគគរ, ឃុំកោះទន្ទឹម, ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

នាឱកាសនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ លោក វេង សាខុន និងសមាជិកក្រុមការងារ ដែលបានយកចិត្តទុកដាក់គិតគូពី សុខទុក្ខរបស់ពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក នេះជាកាយវិការមនុស្សធម៌ យ៉ាងល្អប្រពៃ របស់សមាជិករាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក នៅគ្រប់កាលៈទេសៈ ដើម្បីជួយ សម្រាលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

លោក វេង សាខុន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារ ចុះជួយស្រុកកំពង់សៀម លោកបានសម្តែងនូវការសោកស្តាយ យ៉ាងក្រៃលែងចំពោះគ្រោះទឹកជំនន់នេះ និងសូមជួយចែករំលែក នូវរាល់បញ្ហាទុក្ខលំបាកសព្វបែបយ៉ាង ដែលពលរដ្ឋទូទាំងឃុំកោះរកា កំពុងប្រឈម។

តាមរយៈ លោក វេង សាខុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានផ្ញើជូននូវក្តីនឹករលឹក សាកសួរសុខទុក្ខ និងសូមចែករំលែក សេចក្តីទុក្ខលំបាករបស់ពលរដ្ឋ ដែលបានទទួលរងគ្រោះទឹកជំនន់ នៅទូទាំងស្រុកកំពង់សៀម និងបានជូនពរឲ្យអ្វីៗគ្រប់បែប យ៉ាងត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

នាឱកាសនេះ លោក វេង សាខុន បានលើកយកហេតុផលសំខាន់ៗ មួយចំនួនដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់ និងរាំងស្ងួត គឺបណ្តាមកពីការប្រែប្រួលអាកាសធាតុ។ បាតុភូតទាំងអស់នេះ បានបំផ្លាញអាយុជីវិតមនុស្ស សត្វ ភោគផលដំណាំ ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយមិនអាចចៀសផុតបានឡើយ។ ជាក់ស្តែងឆ្នាំនេះ កម្ពុជាកំពុងជួបប្រទះគ្រោះទឹកជំនន់ និងរាំស្ងួតចំនួន១៦ខេត្ត ក្នុងនោះ មានខេត្តកំពង់ចាមផងដែរ។

លោកថា យល់ឃើញពីទុក្ខលំបាក និងបញ្ហានានា ដែលពលរដ្ឋកំពុងប្រឈម រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យមន្រ្តី អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់ ចុះដោះស្រាយបញ្ហា ជូនប្រជាជន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលការលំបាក របស់ពលរដ្ឋបានគ្រប់ទីកន្លែង និងគ្រប់ក្រុមគ្រួសារដោយមិនទុក ឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារខ្វះស្បៀងបានឡើយ។

តាមរយៈអំណោយនាថ្ងៃនេះ លោកសូមថ្លែងអំណរគុណជាអនេកជូន ចំពោះសប្បុរសជនគ្រប់ៗរូប ដែលបានបរិចាកទ្រព្យធនផ្ទាល់ខ្លួន ទាំងសម្ភារ និងថវិកាដើម្បីជួយរំលែកនូវបញ្ហាជីវភាពរបស់ ប្រជាពលរដ្ឋនាថ្ងៃនេះ និងសូមអំពាវនាវ ដល់សប្បុរសជនបន្តជួយឧបត្តម្ភគាំទ្រនូវសកម្មភាព មនុស្សធម៌តាមលទ្ធភាពបន្ថែមទៀត។ នាឱកាសនេះ លោកបានជួយឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនទៀត ដល់ចៅអធិការវត្ត និងអាជ្ញាធរឃុំ។

ជាថ្មីម្តងទៀត លោក វេង សាខុន បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងារគ្រប់ជាន់ថ្នាក់ និងម្ចាស់សំឡេងទាំងអស់ដែល បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ តាមរយៈ លទ្ធផលនេះ បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ ពីសុឆន្ទៈរបស់ពលរដ្ឋ ដែលចង់បានសុខសន្តិភាព សេរីភាព ស្ថិរភាព និងការអភិវឌ្ឍដោយមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។

ដើម្បីចូលរួមចំណែកថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិ លោក វេង សាខុន បានណែនាំឲ្យគ្រប់មន្រ្តីជំនាញ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវ៖

១៖ បង្កើនការយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានល្អប្រសើរ។
២៖ ត្រូវពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យមាននិរន្តរភាព និងប្រសិទ្ធភាព។
៣៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរ មូលដ្ឋាន ត្រូវតាមដានពីស្ថានភាពទឹកជំនន់នេះ រួចត្រៀមលក្ខណគ្រប់បែបយ៉ាង ដើម្បីជួយប្រជាពលរដ្ឋក្រោយពេលទឹកស្រក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕