(ភ្នំពេញ)​​៖ កាលពីពេលថ្មីៗនេះ​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ ​សហការជាមួយមន្ត្រីក្រសួង​សុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន បានបើក​ប្រតិបត្តិការ​បង្ក្រាប និងបានរកឃើញគ្រឿងសម្អាង​​ក្លែងក្លាយ​ខុសច្បាប់ទម្ងន់៤,៥​តោន ដែល​ស្តុក​ទុក​ឃ្លាំង​មួយ នៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ​ ដែលគេស្គាល់ថា​ ជាគ្រឿង​សម្អាងជ្រកក្រោម​ ក្រុមហ៊ុន «​គ្រួសារកក់ក្តៅ»​ ដែលកំពុងតែល្បីឈ្មោះនៅតាមបណ្តាញសង្គម។

​មន្ត្រីនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន​ថ្លែងប្រាប់​ថា ទីតាំង​ខុសច្បាប់​មួយ​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទីតាំង​ផលិត កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយក្នុង​កន្លែង​តែ​មួយ​។ ក្រោម​ការសម្របសម្រួល​នីតិវិធីពី​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ បាន​ធ្វើឡើង​នា​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ អ៊ុច សម្បត្តិ អាយុ​៣៣​ឆ្នាំ​។ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ៤,៥​តោន និង​ម៉ាស៊ីន​លាយម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។​

ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន​ ​​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាន​នាំ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ បន្ទប់មកមិនបានប៉ុន្មានផង​ ស្រាប់តែម្ចាស់អាជីវកម្ម​រូបនេះ​ ចេញមុខជាសាធារណៈ​ និងប្រកាសលក់ផលិតផលដូចដើម​ ទាំងដែលមិនទាន់បានបង្ហាញពីច្បាប់ ពីការបំភ្លឺខាងសមត្ថកិច្ច ច្បាស់លាស់ផង បែរជាឆ្លើយថា​ មិនមានបញ្ហាអ្វី អាចប្រើចរាចរណ៍ធម្មតា ទាំងមិនមានលិខិតបញ្ជាក់ពីគុណភាពត្រឹមត្រូវទាល់តែសោះ។

តាមរូបភាព នៃការបង្គ្រាប​ គឺសរបញ្ជាក់ឲ្យឃើញថា​ អាជីវកម្មមួយនេះ​ធ្វើលក្ខណៈទ្រង់ទ្រាយធំ​ ដែលមានទម្ងន់ដល់ទៅជាង៤តោន​ តែបែរជាមិនមានបញ្ហាអ្វីទាល់តែសោះ​ នៅតែអាចចរាចណ៍ធម្មតា​ តែបើយើងប្រៀបធៀបកាលពីក្លងទៅ​ គ្រឿងសំអាង​ ឈ្មោះ​ ឆេង ស្រីរត្ន័ ហៅ (Love Riya) ជាករណីអាជីវកម្មខ្នាតតូចទេ តែជាប់យូរ ហើយបិទអាជីវកម្មគាត់ឡើងជិត១ខែ តែខាងនេះវិញ២ថ្ងៃ ទាំងគាត់បានលួចផលិតខុសច្បាប់ និងក្លែងបន្លំថា ផលិតផល​ក្រៅប្រទេសទាំងក្បាលកូដប្រទេស តែទិញផលិតផល​ក្នុងផ្សារមកលាយលក់ធម្មតា​ ដោយគ្មានការពិសោធន៍ គ្មានឆ្លងកាត់ត្រួតពិនិត្យគុណភាព មិនច្បាស់លាស់ ហើយមានចែកចាយទូទាំងប្រទេសដោយមិនមានចំណាត់ការណាមួយត្រឹមត្រូវ។

ប្រជាពលរដ្ឋ​ និងម្ចាស់គ្រឿងសម្អាង ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា មានការទទួលស្គាល់តាមច្បាប់ទម្លាប់នោះ បានបញ្ជាក់ថា ការចរាចរណ៍ផលិតផលមិនស្របច្បាប់បែបនេះ ពិតជាមាន ផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ផលិតផល ហើយក៏ជាគំរូមិនល្អមួយសម្រាប់អាជីវករ និងម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដែលពួកគាត់បានចរាចរណ៍ដោយស្របច្បាប់។

ដូច្នេះជាការសំណូមពរ​ ពីប្រជាពលរដ្ឋ​ និងម្ចាស់គ្រឿងសម្អាង​ ដែលរកស៊ីស្របច្បាប់​ ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ​ សមត្ថកិច្ច​ទាំងអស់​ រកយុត្តិធម៌តាមផ្លូវច្បាប់​ និងឲ្យម្ចាស់អាជីវកម្ម​ ខាងលើបង្ហាញឯកសារ​ ដែលឆ្លងកាត់តាមក្រសួងសុខាភិបាល និងនៅតាមស្ថាប័នត្រឹមត្រូវ ដែលពាក់ព័ន្ធមួយចំនួនទៀត​ មុនប្រកាសលក់ផលិតផលរបស់ខ្លួន​ ដើម្បីបង្ហាញឲ្យម្ចាស់គ្រឿងសម្អាង​ ស្របច្បាប់ផ្សេងៗជឿជាក់​ លើចំណាត់ការសមត្ថកិច្ចថា​ យុត្តិធម៌​ ហើយប្រជាពលរដ្ឋក៏ចង់ឃើញចំណាត់ការសមត្ថកិច្ចផងដែរ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រោយសាកសួរ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោកថៅកែ ផលិតគ្រឿងសំអាងក្លែងក្លាយ គ្រួសារកក់ក្តៅ ឈ្មោះ អ៊ុច សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំឲ្យត្រឡប់ទៅផ្ទះវិញហើយ។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច លោកឧតម្តសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ដោយមានការសហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក ស្រី ម៉ាកនី បានចុះប្រតិបត្តិការបង្ក្រាបរោងចក្រផលិត និងស្តុកគ្រឿងសម្អាងក្លែងក្លាយគ្រួសារកក់ក្តៅ ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ មានទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងម៉ាស៊ីនបាញ់ខ្យល់ ជាច្រើនគ្រឿងផងដែរ៕