(ភ្នំពេញ)៖ ​​ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដ​ចុះត្រួតពិនិត្យគោលដៅ​ អគារស្នាក់នៅរបស់ពលករបរទេសស្ថិតផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីពិនិត្យការស្នាក់នៅរបស់ជនបរទេស។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនៅព្រឹកមិញនេះ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរា​ជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញ​បានពិនិត្យឃើញជនបរទេសចំនួន​១៧នាក់ ស្រី​០៦នា​ក់ ជាជនជាតិវៀតណាម បាននិងកំពុងរកស៊ី និងស្នាក់នៅដោយគ្មានឯកសារ ពោលបានលួចឆ្លងដែនចូលប្រទេសកម្ពុជាខុស​ច្បាប់តែម្តង។

ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបាននាំខ្លួនជនជាតិវៀតណាមទាំង ចំ​នួន​​១៧នាក់ខាងលើ​​​​ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕