(ភ្នំពេញ)៖ របាយការណ៍ផ្លូវការមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះបានបញ្ជាក់ថា រយៈពេល៨ខែដំបូង ឆ្នាំ២០១៨នេះ (ចាប់ពីខែមករា ដល់ ខែសីហា) មានភ្ញៀវទេសចរចំនួន ១,៧៤៤,៧០៤នាក់ បានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង៨.៤៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់ចំណូលបានពីការលក់បណ្ណវិញ នៅរយៈពេល៨ខែមកនេះ គ្រឹះស្ថានអង្គរដែលជាស្ថាប័នរដ្ឋ ប្រមូលចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ ទទួលបានចំណូលចំនួន ៧៨,៧៧៨,២០៨ដុល្លារ កើនឡើង១៣.៧៩ភាគរយ។

ដោយឡែកសម្រាប់តែសីហា មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ទិញបណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង៩លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ មានភ្ញៀទេសចរចំនួនជិត២.៥លាននាក់ទិញបណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត១០៨លានដុល្លារ។ ក្នុងនោះថវិកាជាង៤លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ៕