(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវតែបង្កើនការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានបន្ដទៀត ខណៈនៅតាមតំបន់ជនបទ កំពុងតែគំរាមកំហែងដោយសារគ្រឿងញៀន។

ការដាក់បទបញ្ជានេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ ព្រមទាំងពង្រឹងជំនាញ និងការអនុវត្តផែនការ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣​ របស់រាជរដ្ឋាភិបាល នៅស្នងការដ្ឋាននគរបាលខេត្ត។​

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ​​បានក្រឿនរំលឹក និងសង្កត់ធ្ងន់ឲ្យមន្ត្រីក្នុងផែននេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើជំនាញ​របស់ខ្លួន ការអនុវត្តនីតិវិធីលើការងារជំនាញ​។ ពិសេសមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវបង្កើនការយកចិត្តទុកដាក់ និងបង្ក្រាបឲ្យបាន​ដែលបច្ចុប្ប​ន្ននេះ នៅតាមតំបន់ជនបទមួយចំនួន ហាក់កំពុងតែរីករាលដាលនូវ និងគំរាមកំហែងដោយបញ្ហាគ្រឿងញៀនជាបន្ដបន្ទាប់។

ដើម្បីអនុវត្តការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព លោកឧត្តមសេនីយ៍ស្នងការ ណែនាំដល់កម្លាំងនគរបាលនូវផែនការ៥ចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅមូលដ្ឋាន​ឲ្យបានរៀបរយ ក្នុងនោះរួមមាន៖

ទី១៖ ការងារអប់រំ ផ្សព្វផ្សាយ ដោយចាត់ទុកជាអាទិភាពនៅតាមមូលដ្ឋានតំបន់ដាច់ស្រយាល ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងក្រុមយុវជន ឲ្យយល់កាន់តែច្បាស់អំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន

ទី២៖ អនុវត្តផែនការផ្សព្វផ្សាយឲ្យចំមុខសញ្ញាងាយរងគ្រោះ ពិសេសយុវជននៅតាមតំបន់ដាច់ស្រយាលនេះ ដែលងាយចាញ់បោកការអូសទាញ បោកបញ្ចោតរបស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ ប្រើប្រាស់វិធានការ​រដ្ឋបាល ជំរុញការធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងមុខសញ្ញា ដោយរកឲ្យឃើញនូវមុខសញ្ញា ដែលកំពុងសាកល្បងប្រើប្រាស់គ្រឿងញៀន ដើម្បីមានវិធានការណ៍ឲ្យជនរងគ្រោះឃ្លានឆ្ងាយពីគ្រឿងញៀន។

ទី៣៖ បន្ដការបង្ក្រាបជាក់ស្ដែងទៅលើមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន

ទី៤៖ ជំរុញវិធានការ​ស្ដារនីតិសម្បទារបស់ក្រុមយុវជនដែលញៀនថ្នាំទៅមណ្ឌលសុខភាព ដែលនៅតាមមូលដ្ឋានឃុំ ស្រុក

ទី៥៖ ពង្រឹងការសហការជាមួយអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ក្នុងមូលដ្ឋាន​ ដើម្បីចលនាគៀងគរឲ្យមានការគាំទ្រសកម្មភាពអស់ទាំងនេះ។

សូមជម្រាបថា នៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម រយៈពេល៩ខែ ឆ្នាំ២០១៨ និងការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែសីហា និងទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០១៨ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕​