(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់ គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឯកជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំប្រព័ន្ធសន្ដិសុខ សុវត្ថិភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​បន្ថែមទៀត។

​លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានណែនាំដល់គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ត្រូវរៀបចំប្រព័ន្ធរោទិ៍ជាដំណឹងអាសន្ន ដើម្បីរាយការណ៍ទៅ ក្រុមហ៊ុនសន្ដិសុខដែលទទួលសេវាការពារ ឬដើម្បីផ្ដល់ដំណឹងបន្ទាន់ភ្លាមៗ ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញ ងាយស្រួលចេញអន្ដរាគមន៍ នៅពេលមានហេតុការណ៍អ្វីកើតឡើង។

សារអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុង​ឱកាសលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី អញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦ ដែលមានសិក្ខាកាមមកពីបណ្ដាក្រុមហ៊ុនសន្ដិសុខ ប្រមាណ២០០នាក់។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ​បានគូសរំលេចថា តួនាទីសន្ដិសុខឯកជននេះ មានសារសំខាន់ណាស់ក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន និងការពារសុវត្ថិភាព ដែលខ្លួនកំពុងឈរជើង ប៉ុន្ដែត្រូវតែមានសមត្ថភាពពេញលេញ ក្នុងកិច្ចការបង្ការ ទប់ស្កាត់បទល្មើសនេះ ប៉ុន្ដែភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត ដោយមិនត្រូវធ្វើលើសនោះឡើយ។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានព្រមាន​ចំពោះក្រុមហ៊ុនសន្ដិសុខឯកជនណា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ទៀតនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។ ដោយឡែកសម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរុសរាន់ក្នុងការសុំច្បាប់អនុញ្ញាតពី សាលារាជធានី-ខេត្តសាមីឲ្យបានឆាប់បំផុតជាពិសេស គឺក្រសួងមហាផ្ទៃតែម្តង។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញដល់ សន្តិសុខឯកជនគ្រប់ក្រុមហ៊ុនទាំងអស់ ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យជំនាញទប់ស្កាត់ និងការពារសន្តិសុខជូនដល់ក្រុមហ៊ុនសហគ្រាសរបស់ពួកគេឲ្យ​កាន់តែល្អប្រសើបន្ថែមទៀត ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏ដើម្បីផ្តល់ភាពជំនាញ ក្នុងការសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ និងបទល្មើសផ្សេងៗទៀតផងដែរ៕​