(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ គឺជាថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះ នៅកម្ពុជា ក្នុងជន្មាយុគម្រប់៥០ឆ្នាំ។

ពិធីជប់លៀងខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងធ្វើឡើងនៅសណ្ឋាគារដ៏ល្បីមួយ។ នៅក្នុងកម្មវិធីនេះ គេសង្កេតឃើញមានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ម៉ី វ៉ាន់ អគ្គនាយកអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច, លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល រួមទាំងលោកឧកញ៉ា និងអ្នកជំនួញជាតិ និងអន្ដរជាតិជាច្រើនរូបផ្សេងទៀត។

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលចូលរួមក្នុងពិធីនេះ សូមជូនពរដល់អ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសជន្មាយុគម្រប់៥០ឆ្នាំ (1968-2018) សូមអ្នកឧកញ៉ា មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យគ្រប់ភារកិច្ច៕