(មណ្ឌលគិរី)៖ ដើម្បីបន្តការស្តារ និងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើន បោះជំហ៊ានទៅមុខជានិច្ចបាន គឺផ្តើមពីយើងទាំងអស់គ្នា មានភាពជាអ្នកដឹកនាំល្អ។ ការគៀងគរដៃគូរ អភិវឌ្ឍន៍ទាំងវិស័យរដ្ឋ និងឯកជនក្នុង និងក្រៅស្រុក ដែលជាដៃគូរវិនិយោគពិតប្រាកដ ឲ្យគេចូលមកវិនិយោគអភិវឌ្ឍន៍ នៅតំបន់យើងកាន់តែច្រើន គឺជាកម្លាំងចលករមួយ ជំរុញឲ្យមានចំណូល សេដ្ឋកិច្ចជាតិខ្ពស់ ក៏ដូចជាមានលំហូរសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅតំបន់នេះ ឲ្យកាន់តែតែមានកម្រិតជីវភាពល្អប្រសើរផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងអភិវឌ្ឍន៍នានា នៅក្នុងខេត្តមណ្ឌលគិរី អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានលើកឡើងថា បើទោះបីខេត្តរបស់យើង មានការរីកចម្រើន មានការខុសប្លែក នាពេលមុន យ៉ាងណាក្តី យើងរួមដៃគ្នាខិតខំប្រឹងប្រែង គិតគូរបន្តជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែមាន សន្ទុះឆ្ពោះទៅកាន់គោលដៅ ដែលយើងទាំងអស់គ្នាចង់បានប្រយោជន៍ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែរីចម្រើន។

អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរី លោក ភុន គន់ (ដារ៉ា) បានសុំការអនុញ្ញាតពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ថ្លែងជុំវិញការអភិវឌ្ឍន៍ពីភាពខុសគ្នាពីពេលមុន និងពេលបច្ចុប្បន្ន តើខុសគ្នាយ៉ាងណា?

លោក ស្វាយ សំអ៊ាង មុននឹងថ្លែងប្រាប់នៅសំណួរនេះ លោកបានញញឹម និងអរគុណដល់ភ្នាក់ងារយកព័ត៌មានរបស់ Fresh News ដែលបានចោតសួរដល់ចំណុចនេះ លោកអភិបាលខេត្តថ្លែងប្រាប់ថា រយៈពីពេលមុន ខេត្តមណ្ឌលគិរី មិនដូចសព្វថ្ងៃនេះទេ បើគិតទៅពីមុនសូម្បីតែផ្លូវថ្នល់ ក៏ស្ទើរតែអត់មានផ្លូវល្អក្នុងការធ្វើ ដំណើរបានស្រួលដែរ គ្រាន់តែផ្លូវពីទីរួមខេត្តមណ្ឌលគិរី ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំណាយពេលវេលាមិនតិច ជាង៨ ទៅ៩ម៉ោងទៅហើយ កំណើនប្រជាពលរដ្ឋមានតែ៤ ទៅ៥ម៉ឺននាក់តែប៉ុណ្ណោះ ភាគច្រើនជាមន្រ្តីរាជការ និងបងប្អូនជនជាតិ ភាគតិចភ្នង គ្មានក្រុមហ៊ុនវិនិយោគណាច្រើន ចូលមកបណ្តាក់ទុនប៉ុន្មានទេខេត្តនេះ ហាក់ដូចជាខេត្តមួយស្ងាត់ជ្រងុំ បើនិយាយពីវិស័យនានា រួមទាំងវិស័យសំណង់ផ្ទះសំណាក់ សណ្ឋាគារផងដែរ នៅមានតិចតួច។

ប៉ុន្តែយើងនិយាយពីពេលបច្ចុប្បន្ននេះ ការប្រែក្លាយពីខេត្តធ្លាប់ តែមានភាពស្ងាត់ជ្រងុំ មកអូរអរ ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនខិតខំស្តារ និងធ្វើការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សរវាងទីក្រុងរាជធានី និងខេត្តឆ្ងាយដាច់ស្រយ៉ាលមួយនេះឲ្យខិតនៅជិតគ្នាយ៉ាងជិតបង្កើយ ពោលគឺមានប្រព័ន្ធគមនាគមន៍ផ្លូវស្ពានដ៏ប្រណិតសម្រាប់ធ្វើចរាចរបានយ៉ាងល្អប្រសើរ។

មិនតែប៉ុណ្ណោះខេត្ត ក៏បានគៀងគរដៃគូរវិនិយោគអភិវឌ្ឍន៍ជាច្រើន លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងដៃគូរ ជាច្រើនលើវិស័យទេសចរណ៍ ចូលមកបណ្តាក់ទុន។ ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ត្រូវបានរីកលូតលាស់គួរឲ្យកត់សម្គាល់ កំណើនប្រជាពលរដ្ឋ មានកំណើនច្រើនជាងមុន។

លោកបានបន្តទៀតថា ទោះបីខេត្តមួយនេះ មានការរីចម្រើនជាមុន តែទោះយ៉ាងណារដ្ឋបាលសាលាខេត្ត នៅតែបន្តការអភិវឌ្ឍន៍ថែមទៀត ក្នុងអាណិត្តលោកជាអភិបាលខេត្ត លោកក៏បានខិតខំ សាងសង់អគារ សាខេត្តថ្មីមួយ ឲ្យខាងតែបានដែលសព្វថ្ងៃសាងសង់ បាន៦៥ ទៅ៧០%ហើយ សម្រាប់មន្រ្តីរាជការបម្រើការងារព្រោះអគារសាលាខេត្តចាស់ បន្សល់ទុកតាំងពីឆ្នាំ១៩៨៣ មានសភាពចាស់ទ្រឌទ្រោម មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តបន្ត សាងសង់អគារសាលប្រជុំសាលាខេត្តថ្មីមួយទៀតដែលមានទំហំ៣៥គុណ៤០អាច ទទួលមន្រ្តីចូលរួមប្រជុំពី៥០០នាក់ទៅ៦០០នាក់ និងនៅពេលខាងមុខនេះ ក៏លិចចេញ នូវរូបរាងសួនច្បារដ៏ធំ មួយទៀតនៅលើទឹកដីខេត្តមណ្ឌលគិរី ដែលជាការដូរដ៏ធំធេង របស់សម្តេច ហ៊ុន សែន។

ខេត្ត ក៏បាននិងកំពុងបន្តការកែប្រែធ្វើយ៉ាងណា ជំរុញបន្ថែមទៀតនូវសោភ័ណ្ឌភាពក្រុង ឲ្យកាន់តែល្អប្រសើរដើម្បីការទាក់ទាញដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ក្នុង និងក្រៅស្រុក។ រីឯសំណង់លើវិស័យឯកជន ត្រូវបាននិងកំពុងរីកចំរើនផងដែរ ដូចជា ផ្ទះសំណាក់ សណ្ឋាគារ វិស័យទេសចរណ៍ ត្រូវបានធ្វើការវិនិយោគ និងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបតម្រូវការ បងប្អូនអ្នកទេសចរណ៍៕