(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះព័ត៌មានរបស់ VOD ពាក់ព័ន្ធនឹងសំណើរបស់ក្រសួងទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំការអនុញ្ញាតឲ្យក្រុមហ៊ុនមួយ ធ្វើការបោសសំអាតដីនៅលើដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។

ក្រសួងបរិស្ថាន បានចាត់ទុកការផ្សាយអត្ថបទក្រោមចំណងជើងថា «រដ្ឋមន្ត្រីបរិសា្ថនស្នើទៅលោក ហ៊ុន សែន ឲ្យក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច» របស់ VOD កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះថា មានចរិតញុះញង់ មួលបង្កាច់ខុសពីការពិតក្នុងចេតនាទុច្ចរិតបំពុលសង្គម បំផ្លាញសេចក្តីទុកចិត្តរបស់សាធារណជនលើរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងលិខិតបំភ្លឺរបស់ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ព័ត៌មាន VOD បំពេញការងារដោយគ្មានវិជ្ជាជីវៈ សារព័ត៌មាន ផ្សាយបែបលម្អៀង ដោយផ្តល់សំឡេងឲ្យតែក្រុមដែលមិនចង់ឃើញ និងមិនចង់បានសង្គមជាតិរស់ក្នុងភាពសុខដុមរមនីយកម្ម។

តាមរយៈលិខិតបំភ្លឺនេះ ក្រសួងបរិស្ថានបានបញ្ជាក់ពីមូលហេតុមួយចំនួន ដែលស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើសកម្មភាពបោសសំអាតលើដីសម្បទាន សេដ្ឋកិច្ចផងដែរ។ មូលហេតុទាំងនោះមានដូចជា៖

១៖ យោងតាមនីតិវិធីច្បាប់ ក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច ចាំបាច់ត្រូវឈូសឆាយបោសសម្អាត ទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួន ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលដើម្បី អនុវត្តគម្រោងរបស់ខ្លួនឲ្យស្របទៅតាមផែនការមេ។ ការដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាត ការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ត្រូវបានធ្វើឡើងដោយមានការអនុញ្ញាតច្បាប់ត្រឹមត្រូវ។

២៖​ ដើម្បីទប់ស្កាត់ និងបង្ការជនឆ្លៀតឱកាសមួយចំនួនបំពុលបរិយាសក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចជាគ្រប់គ្រង និងការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបរិស្ថានបានគោរពស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាត និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ហើយនឹងស្នើសុំបន្តសម្អាត និងឈូសឆាយសម្អាតទីតាំងគម្រោង វិនិយោគសម្បទានដីសេដ្ឋកិច្ចសាជាថ្មី នៅក្រោយពេលបោះឆ្នោតរួចរាល់ ។

ក្នុងលិខិតនេះ ក្រសួងបរិស្ថាន បានគូសបញ្ជាក់សាជាថ្មីថា ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលបានបញ្ឈប់ទាំងស្រុងនូវការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ដល់ក្រុមហ៊ុនឯកជន។ ក្រសួងបរិស្ថាន ក៏បានអះអាងដែរថា ខ្លួននឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្នុងបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕