(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅថ្ងៃទី៣១ ខែសីហានេះ បានទូលថ្វាយស្នើសុំព្រះមហាក្សត្រ តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍, អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។ នេះបើយោងតាមលិខិតទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។

មន្ត្រីជាន់ខ្ពស់ទាំង៣នោះរួមមាន៖

១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការទូលថ្វាយតែងតាំងអគ្គនាយកថ្មីទាំង៣រូប របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកចាស់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

អគ្គនាយកដែលត្រូវដាក់ចូលនិវត្តន៍នោះ រួមមាន៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕