(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការដាក់បញ្ចូល «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ បន្ទាប់ពីបានដាក់ឯកសារជាសំអាងយ៉ាងច្រើនទៅកាន់អង្គការយូណេស្កូ ហើយចាប់តាំងពីថ្ងៃដាក់រហូតមកដល់ពេលនេះមិនទាន់មានប្រទេសណាមួយចេញមកប្រឆាំងនឹងសំណើរបស់កម្ពុជានោះឡើយ។

លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះថា ក្រសួងបានស្នើសុំយូណេស្កូ ដាក់បញ្ចូល «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយបើតាមទម្លាប់អង្គការយូណេស្កូ អាចនឹងប្រកាសថា ដាក់ ឬមិនដាក់ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះផងដែរ។

លោក ថៃ នរៈសត្យា បានថ្លែងថា កម្ពុជាមានសង្ឃឹមច្រើនក្នុងការដាក់ «ល្ខោនខោល» នេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រោះកម្ពុជាបានដាក់ឯកសារជាសំអាងយ៉ាងសច្រើនទាំងបើកចំហផង និងសម្ងាត់ផង ដើម្បីបំពេញតាមលក្ខន្តិកៈរបស់អង្គការយូណេស្កូ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «តាមពិតទៅយើងសង្ឃឹមតាំងពីថ្ងៃដាក់ដំបូងមកម្ល៉េះ បើមិនសង្ឃឹមក៏យើងមិនស្នើដែរ។ យើងបានប្រឹងប្រែងណាស់ តាមពិសោធន៍របស់យើងនាពេលកន្លងមកលោកជំទាវរដ្ឋមន្ត្រី គាត់បានប្រឹងប្រែងដាក់ឯកសារជាសំអាងយ៉ាងច្រើនតាមការទាមទាររបស់អង្គការយូណេស្កូ»

លោក ថៃ នរៈសត្យា បានពន្យល់ផងដែរថា ការដែលអង្គការយូណេស្កូបដិសេធសំណើរណាមួយនោះ លុះត្រាតែភាគីដាក់សំណើរមិនអាចបំពេញលិខិតបទដ្ឋាន និងឯកសារនានាទៅតាមច្បាប់យូណេស្កូ ឬមានប្រទេសណាមួយតវ៉ា។ ដោយឡែកសម្រាប់សំណើ «ល្ខោនខោល» របស់កម្ពុជាវិញ ចាប់តាំងពីថ្ងៃដាក់រហូតមកដល់ពេលនេះ មិនមានប្រទេសណាមួយមកប្រកែកតវ៉ានោះឡើយ។

ប្រធានបទនៃការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយនេះ កំពុងមានការផ្ទុះប្រតិកម្មច្រើននៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយផងដែររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋថៃក្នុងការទាមទារលើម្ចាស់ជាម្ចាស់កម្មសិទ្ធិសម្បត្តិវប្បធម៌មួយនេះ។

ត្រង់បញ្ហានេះ លោក ថៃ នរៈសត្យា បានពន្យល់ថា រវាង «ល្ខោនខោល» របស់កម្ពុជា និងរបស់ថៃ វាគ្រាន់តែមានលក្ខណៈស្រដៀងគ្នា ដូច្នេះកម្ពុជា ក៏មិនអាចទៅប្រឆាំងសំណើរបស់ថៃ ហើយថៃ ក៏មិនអាចមកប្រឆាំងសំណើរបស់កម្ពុជានោះដែរ។ សម្រាប់ការសម្រេចចិត្តរបស់អង្គការយូណេស្កូ យល់ព្រមដាក់ «ល្ខោនខោល» របស់កម្ពុជា ឬរបស់ថៃចូលក្នុងបញ្ជីរបស់បេតិកភណ្ឌពិភពលោក គឺជាការពិនិត្យរបស់អង្គការយូណេស្កូតែប៉ុណ្ណោះ។ ក្នុងន័យនេះ គឺអង្គការយូណេស្កូ អាចដាក់ទាំងរបស់កម្ពុជា ឬរបស់ថៃទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើអង្គការយូណេស្កូពិនិត្យឃើញថាសំណុំឯកសារបំពេញតាមលក្ខន្តិកៈដែលបានតម្រូវ។

គេនៅចាំបានថា កាលពីឆ្នាំ២០០៣ ព្រោះតែកំហឹងកើតចេញពីតារាសម្តែងរបស់ថៃ ដែលគេហៅថា «ផ្កាយព្រឹក» និយាយប៉ះពាល់ដល់កិត្តិនាមរបស់ប្រាសាទអង្គររបស់ខ្មែរនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្ទុះកំហឹងឈានទៅដុតស្ថានទូតថៃ និងវាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនរបស់ថៃនៅកម្ពុជាផងដែរ។ ទីបំផុតខ្មែរជាអ្នកខាតបង់ ត្រូវសងនូវការខូចខាតរបស់ស្ថានទូតថៃថែមទៀតផង។

ដោយការបារម្ភរឿងដណ្តើមភាពជាម្ចាស់កម្មសិទ្ធិលើ «ល្ខោនខោល» រវាងកម្ពុជា និងថៃ បង្កជាអំពើហិង្សាដូចពីឆ្នាំ២០០៣នោះ លោក ថៃ នរៈសត្យា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសូមឲ្យរក្សានូវភាពស្ងប់ស្ងាត់កុំព្យាយាមបំផុសនូវកំហឹងណាមួយ ដែលអាចនាំទៅជាអំពើហិង្សា និងការចងគំនុំណាមួយនោះ។

បើតាមលោក ថៃ នរៈសត្យា មានសម្បត្តិវប្បធម៌អរូបិយរបស់ខ្មែរជាច្រើនត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលកន្លងមក មានដូចជា ល្ខោនស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៅអង្គការយូណេស្កូកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥, ចាប៉ីដងវែង ដាក់បញ្ចូលកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕