(ឧត្ដរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនោះ​ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដឹកនាំ​ដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំ​កុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមស្តង់ និងម៉ាតនានា ក្នុងផ្សារសំរោង​ ស្ថិតនៅក្រុងសំ​រោង​ខេត្ត​ ឧត្តរមានជ័យ។

ជា​លទ្ធផល ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុម​ការងារសាខាបានរកឃើញនូវទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់​ មានដូចជា ទឹកក្រូចចំនួន១០យួរ​ ស្មើនិង១២០ដប​ ផ្សិតកំប៉ុង១៩​កំប៉ុង​ ទឹកប៉េងប៉ោះ១២ដប​និងប័រកំប៉ុងមួយ​កំប៉ុង​ផងដែរ។ ជាមួយគ្នានេះក្រុមការងារសាខា​ បានធ្វើការសំដក​ហូតពីម្ចាស់អាជីវកដើម្បីយក​មករ​ក្សា​ទុកដុតកម្ទេចចោលនៅពេលក្រោយ​ផងដែរ។

ក្នុងពេលនោះផងដែរ​ លោក ខាន់ រ៉ាត់ ក៏បានណែនាំដល់បង​ប្អូន​អាជីវករឲ្យមានការយល់ដឹង ពីការនាំចូល និងដាក់តាំងលក់នៅទីសុវត្ថិភាព ម្ហូបអាហារ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរទៅលើ​ទំ​និញដែលហួសកាលបរិច្ឆេទ នៃការប្រើ​ប្រាស់ គឺមិនតម្រូវឲ្យដាក់តាំងលក់ជួនដល់អតិថិជនទៀតទេ​។ លោកក៏បានធ្វើការណែ​នាំបន្ថែមដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់​រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែ​ស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុនទទួលទិញយកមកលក់៕