(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានស្នើឲ្យប្រធានមន្ទីរធម្មការ និងសាសនា គ្រប់ខេត្តទាំងអស់ ត្រូវព្យាយាមធ្វើយ៉ាងណា ធ្វើរបាយការណ៍ ប្រចាំខែ ផ្ញើមកក្រសួងធម្មការ និងសាសនា ឲ្យបានទាន់ពេលវេលា។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំខែសីហា នៃក្រសួងធម្មការ និងសាសនា និងប្រកាសតួនាទី ផ្ដល់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន និងអគ្គរង ចំនួន៦រូប ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងធម្មការ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។

បើតាមរបាយការណ៍ សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០១៨ របស់ក្រសួងធម្មការ បានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា ក្រសួង នឹងមានការកែទម្រង់មួយចំនួន ដូចខាងក្រោម៖

* ខិតខំអនុវត្តន៍តាមស្មារតី សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើកដំបូង នីតិកាលទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

* ចំពោះមន្ត្រីរាជការ បុគ្គលិក ក្រសួងនឹងធ្វើការតម្លើងកាំប្រាក់ និងសន្ទស្សន៍ឲ្យបានទៀងទាត់ ស្របតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

* កែទម្រង់កម្មវិធីពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋម ដល់កម្រិតពុទ្ធិកឧត្តមសិក្សា ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានបញ្ចូលបន្ថែមមុខវិជ្ជាថ្មីៗទៀត ស្របតាមការវិវត្តន៍រីកចម្រើន របស់ពុទ្ធិកសិក្សា និងប្រទេសជាតិ។

ក្រសួងធម្មការ បានលើកឡើងថា ស្របតាមសភាពការណ៍ នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ក្រសួងបានជំរុញគ្រប់យន្តការ ជំនាញសមត្ថកិច្ចក្នុងរយៈពេល១ខែកន្លងទៅនេះ ធ្វើឲ្យមានការកែទម្រង់ ស៊ីជម្រៅច្រើនចំណុច ទំាងវិស័យពុទ្ធិកសិក្សា វិស័យធម្មការ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងការគ្រប់គ្រងព្រះពុទ្ធសាសនា និងពាហិរសាសនា កាន់តែមានប្រសិទ្ធភាពកើនឡើងបន្តិចម្តងៗ ជាបន្តបន្ទាប់ និងទទួលបានសុខដុមនីយកម្មលើ វិស័យសាសនា នៅកម្ពុជានាពេលខាងមុខ៕