(ភ្នំពេញ)៖ លោក អាគីរ៉ា គឺជាជនជាតិកម្ពុជាមួយរូបត្រូវបានទូរទស្សន៍ CNN ជ្រើសរើសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «បុរសឆ្នើម» កាលពីឆ្នាំ២០១០កន្លងទៅ បន្ទាប់ពីរូបលោកបានចូលរួមក្នុងសកម្មភាពបោសសំអាតមីនដោយស្ម័គ្រចិត្ត។ អាគីរ៉ា បានក្លាយជាបេក្ខជន ១០រូបចុងក្រោយក្នុងកម្មវិធីរបស់ CNN បន្ទាប់ពីឆ្លងកាត់ការប្រកួតជ្រើសរើសបេក្ខជនរាប់ពាន់នាក់។

បុរសដែលបានសាងភាពល្បាញល្បីលើពិភពលោកតាមរយៈកញ្ចក់ទូរទស្សន៍ CNN រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោមការចោទប្រកាន់ថា បានលាក់ទុកអាវុធខុសច្បាប់។

ការឃាត់ខ្លួនលោក អាគីរ៉ា និងបក្ខពួកពីរនាក់ផ្សេងទៀត បានធ្វើឡើងក្រោយពេលមានហេតុផ្ទុះគ្រាប់ ហើយបង្កជាអគ្គិភ័យនៅក្នុងអង្គការរបស់លោក អាគីរ៉ា ដែលមានឈ្មោះថា «សារៈមន្ទីគ្រាប់មីនកម្ពុជា» ស្ថិតនៅភូមិខ្នា ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅវេលាថ្ងៃត្រង់ទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ របាយការណ៍របស់នគរបាលខេត្តសៀមរាប បានឲ្យដឹងថានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១២៖៣០ នាទីថ្ងៃត្រង់មានករណីអគ្គិភ័យឆេះនៅអង្កការបន្ទាប់មកកម្លាំងនគរបាលស្រុកបន្ទាយស្រី បានធ្វើការគ្រប់គ្រងហេតុការណ៍ និងពន្លត់បាននៅម៉ោង ១៤៖០០ ដោយមានការសហការណ៍ពីកម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងអធិការនគរបាលស្រុកអង្គរធំ។

របាយការណ៍បន្តថា ក្រោយពេលពន្លត់បានកម្លាំងជំនាញផ្នែកគ្រប់គ្រងអាវុធជាតិផ្ទុះខេត្ត បានត្រួតពិនិត្យឃើញមានគ្រឿងផ្ទុះមិនហ៊ានប៉ះពាល់នោះទេ ដោយបានអញ្ជើញអ្នកជំនាញស៊ីម៉ាក់ (CMAC) មកធ្វើការពិនិត្យបន្តែម ដោយមានសភាពការណ៍មិនស្រួលស៊ីម៉ាក់ ក៏មិនហ៊ានចូលដែរ។ លុះដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញស៊ីម៉ាក់ បានចុះត្រួតពិនិត្យ នឹងប្រមូលយកគ្រឿងផ្ទុះទាំងនោះមានដូចជា ៖ គ្រាប់បែកដៃ ចំនួន៩ គ្រាប់ , មីន៧២A ចំនួន ១៥គ្រាប់, គ្រាប់កាំភ្លើងខ្លីចំនួន ៣២៥ គ្រាប់, ដងគ្រាប់បេចំនួន១, ម្ជុលភ្លើងមីន៦៩ ចំនួន៥ដើម, គ្រាប់កាំភ្លើងដៃចំនួន១០គីឡូ , កាំភ្លើងស្វាយប្រវត្តិឆេះខូចចំនួន៦ដើម,សំបកមីនតោនចំនួន២, កេះឈើខ្សែឆេះផ្ទុះចំនួន១, កេះឈើដាក់គ្រាប់បែកចំនួន១, កេះដែកដាក់ខ្សែឆេះយឺតចំនួន១ កេ សុវត្ថិភាព(ស្មាច់) ដាក់គីបចរន្តចំនួន ១, កាំភ្លើងខ្លីK59 ល្អចំនួន ១ដើម, គ្រាប់កាំភ្លើងK59 ចំនួន ៤២គ្រាប់, គីបចរន្តចំនួន ២៩០ដើម, គីបធម្មតា ៣០០ដើម។

ក្រោយពេលប្រមូលយកបានគ្រឿងផ្ទុះទាំងអស់នោះបានអស់ហើយ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី២៨​ ខែសីហា ដដែលនោះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី សហការជាមួយកម្លាំងជំនាញផែ្នកព្រហ្មទណ្ឌខេត្តសៀមរាប និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាននាំខ្លួនបុគ្គលិកនៅទីនោះទាំងអស់យកមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ក៏បានសម្រេចនាំខ្លួនបុគ្គលិកអង្គការចំនួន ៣នាក់រួមមាន៖ ឈ្មោះ អាគីរ៉ា ភេទប្រុស តួរនាទីជាប្រធានអង្គការ, ឈ្មោះ អឿន យ៉ុន តួរនាទី អនុប្រធានអង្គការ និងឈ្មោះ ហ៊ាញ សុគន្ធា ភេទប្រុស តួរនាទីជាប្រធានប្រតិបត្តិ ទៅសួរនាំបន្តនៅស្នងការនគរបាលខេត្តសៀមរាបទាំងយប់។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញស៊ីម៉ាក់ បានបន្តឆែកឆេរនៅឃ្លាំងមួយទៀត តែមិនមានអ្វីទេខុសច្បាប់ទេ តែព្រះរាជអាជ្ញាបានសម្រចឲ្យផ្អាកបណ្តោះអាសន្តសកម្មភាពការងាររបស់អង្គការ ដោយរងចាំបន្តនិតិវិធីតុលាការបន្ត។ កម្លាំងនគរបាលក៏បានរកឃើញក្មេងៗនៅក្នុងអង្គការចំនួន ១៧នាក់ ស្រី ៧នាក់ ហើយបានមន្ទីរសង្គមកិច្ចខេត្តយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

នៅចំពោះមុខកម្លាំងនគរបាលលោក អាគី រ៉ា បានរៀបរាប់ថា គ្រាប់កាំភ្លើង និងគ្រាប់បែកខាងលើនេះ ខ្លួនមិនដឹងថា ឈ្មោះ នេត រេន ត្រូវជាឪពុកមារបស់លោក (បច្ចុបប្បន្នស្លាប់បាត់បង់ជីវិតទៅហើយនោះ) យកមកទុកពីពេលណានោះទេ ទើបតែរយៈពេលបីខែមុន ខ្លួនបានទៅបើកមើលឃើញ តែមិនបានរាយការណ៍ប្រាប់សម្ថកិច្ចនោះទេ។

ដោយឡែកឈ្មោះ ហ៊ាញ សុគន្ធា ( បុគ្គិកផ្នែកប្រតិបត្តិ ) និង ឈ្មោះ អឿន យ៉ុន ( អនុប្រធាន ) បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់មិនដឹងថា លោក អាគី រ៉ា យកគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកមកទុកនៅក្នុងបន្ទប់នោះ តាំងពីពេលណានោះទេ ព្រោះបន្ទប់លោក អាគី រ៉ា ជាអ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ ចំណែកបុគ្គលិកផ្សេងទៀត ក៏ឆ្លើយបែបនេះផងដែរ។

បន្ទាប់ពីកម្លាំងនគរបាលសួរនាំបច្ចុប្បន្នលោក អាគី រ៉ា, លោក ហ៊ាញ សុគន្ធា និងលោក អឿន យ៉ុន ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ហើយត្រូវបានចៅ​ក្រម​ស៊ើប​សួរ​​​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំ​ខ្លួននៅ​ពន្ធ​នាគារ​ជា​បណ្ដោះ​អាសន្ន ​កាលពីល្ងាចថ្ងៃទី​៣០​​​ ខែ​​សីហា​។​​

សូមបញ្ជាក់ថា លោក អាគីរ៉ា មានឈ្មោះដើម អឿន យក្ស មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺជាកូនពៅក្នុងគ្រួសារកសិករមួយ ដែលមានបងប្អូនចំនួន៣នាក់ (ប្រុស២ និងស្រី១)។ អាគីរ៉ា បានចាប់ផ្ដើមស្គាល់ គ្រាប់មីនតាំងពីអំឡុងឆ្នាំ១៩៨២-១៩៨៣ ដែលបានចេះដាក់គ្រាប់មីន និងគ្រាប់ច្នៃពីកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៧ អាគីរ៉ា បានស្ម័គ្រចិត្តដើរដោះមីន ដោយមិនទារកម្រៃចេញពីផ្ទៃដីបានប្រមាណ ៥ម៉ឺនគ្រាប់ ហើយការដោះនោះមិនស្របតាមបច្ចេកទេសដោះមីនទេ។ នៅឆ្នាំ១៩៩៧ អាគីរ៉ា បានបង្កើតសារមន្ទីរមីន មួយដោយខ្លួនឯង នៅខេត្តសៀមរាប ក្រោយមកក៏បានប្ដូរទីតាំងទៅស្រុកបន្ទាយស្រី ដោយមានទាំងចិញ្ចឹមកុមារកំព្រាចំនួនជិត ៣០នាក់ទៀតផង។ បន្ទាប់មកនៅឆ្នាំ២០០៨ អាគីរ៉ា បានបង្កើតអង្គការដោះមីនមួយ ឈ្មោះថាអង្គការដោះមីនកម្ពុជា ហើយអង្គការនេះមានការគាំទ្រថវិកាពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។

លោក អាគីរ៉ា ទទួលបានភាពល្បីល្បាញខ្លាំងនៅឆ្នាំ២០១០ ដោយបានជាប់ក្នុងបញ្ជីវីរបុរសឆ្នើមទាំង១០នាក់របស់ទូរទស្សន៍ CNN ក្នុងចំណោមបេក្ខជនសរុបរាប់ពាន់នាក់។ នៅខែសីហា ឆ្នាំ២០១២ លោកបានរង្វាន់កិត្តិយសពីប្រទេសកូរ៉េខាងត្បូង មានតម្លៃជាទឹកប្រាក់ ៤៤,០០០ដុល្លារ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក រ៉ាឆាត អូហ្គាស្ទីន តំណាងមកពីក្លិបកំចាត់មីន Rotary Club of Gravenhurst របស់កាណាដា បានបំពាក់រង្វាន់ជាមេដាយស្ថាបនាកិត្តិយសរបស់កម្មវិធី Paul Harris Fellowship Award ជូនអ្នកមានស្នាដៃល្អ គឺលោក អាគីរ៉ា ស្ថាបនិកភ្នាក់ងារ កម្ចាត់មីនឆ្នើមរបស់កម្ពុជា និងជាអ្នកបង្កើតសារមន្ទីរមីន ដំបូងបង្អស់ផងដែរ៕