(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ (National Career and Productivity Fair 2018) នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដែលធ្វើឡើងចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ព្រឹត្ដិការណ៍ការងារដ៏ធំជាងគេបំផុតនៅកម្ពុជាលើកទី៨នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖

* បង្កើតជាវេទិកាជួបជុំគ្នា នៅមួយកន្លែងដោយងាយស្រួល សម្រាប់និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរក ការងារធ្វើ ធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីផលិតភាពការងារ ។

* និយោជក អាចធ្វើការផ្សព្វផ្សាយពីតំរូវការជ្រើសរើសកម្លាំងពលកម្ម នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញ អ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។

* អ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យរកការងារនៅនឹងកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មាន អំពីឱកាសការងារបច្ចុប្បន្ន និងអនាគត ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា។

* អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយ កម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ។

* បង្ហាញអំពីគំនិត ជំនាញនិងបច្ចេកវិទ្យា សម្រាប់លើកកម្ពស់ផលិតភាព ប្រសិទ្ធិភាពក្នុងអាជីវកម្ម តាមរយៈការបង្ហាញជោគជ័យគំរូរបស់កម្មករ និយោជិកឆ្នើម និងការចែករំលែកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ របស់អ្នកជំនាញល្បីៗជាតិ និងអន្ដរជាតិ ។

* ផ្ដល់វេទិកាសម្រាប់បង្កើតបណ្ដាញទំនាក់ទំនង ផ្នែកធនធានមនុស្ស។

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ!!