(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ AMK បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុនរហូតដល់៨០ភាគរយ ទៅឲ្យធនាគាររបស់ចិនមួយ ដែលមានឈ្មោះថា «ធនាគារពាណិជ្ជ និងសន្សំស៊ាងហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅកាត់ថា SCSB ។

សេចក្តីប្រកាសព័ត៌មានរបស់ AMK ដែលចុះផ្សាយលើ Website ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ការលក់ភាគហ៊ុនឲ្យធនាគាររបស់ចិន ដោយសារហេតុផលចំនួនពីរ៖ ទី១៖ ភាគទុនិកចាស់ចំនួនបីរបស់ AMK ផុតកំណត់អណត្តiវិនិយោកនឹងត្រូវចាកចេញ និងទី២៖ ដោយសារតែបេសកកម្ម និងទស្សនវិស័យរបស់ SCSB និង AMK មានលក្ខណៈដូចគ្នាស្ទើរតែ ទាំងស្រុង គឺជួយ​ដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅ​របស់ពួកគេ តាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ AMK បានលើកឡើងក្នុងសេចក្តីប្រកាសព៍ត៌មានថា «វាជាឱកាសរបស់ AMK ដែលយើង ជ្រើសរើសយក SCSB ព្រោះយើងនៅតែមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំ ហើយ SCSB គឺជាធនាគារមួយដែលមានភាពស័ក្តិសមដែល អាចនាំ AMK អភិវឌ្ឍន៍ទៅជំហានបន្ទាប់ទៀត»

គិតត្រឹម​​ ខែឧសភា ឆ្នាំ២០១៨ នេះ AMK មានបុគ្គលិកសរុបចំនួនជាង ២៦០០នាក់ អតិថិជនចំនួនជាង៧៨ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់​កម្ចីជាង២៣០លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១២៦លានដុល្លារអាមេរិក។

ធនាគារ SCSB គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន ជាង៥៨ពាន់លានដុល្លារ និងដើមទុនជាង១,៣ ពាន់លានដុល្លារអាមេរិក និងមូលធនរបស់ម្ចាស់ភាគហ៊ុនសរុបជាង ៥,៥ពាន់លានដុល្លារអាមេរិក៕