(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញ​បើកការដ្ឋានស្ថាបនាផ្លូវបេតុង​០១ខ្សែ ប្រវែង​១៨៦ម៉ែត្រ ទទឹង​៨ម៉ែត្រ និងដាក់បំពង់លូមូលរំដោះទឹក​០១ខ្សែ ប្រវែង​២៨០ម៉ែត្រ មុខកាត់​០,៦ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋ​ ព្រមទាំងធ្វើការថ្លែងអំណរគុណដល់​​ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីបន្តជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនបន្ថែមទៀត។​

លោកអភិបាលខណ្ឌដង្កោ បានប្តេជ្ញាអនុវត្ត ដោះស្រាយបញ្ហានានាដែលបានសន្យាជាមួយប្រជាពលរដ្ឋ​មុនបោះឆ្នោត​ឲ្យបានជោគជ័យ ហើយ​ផ្លូវបេតុងថ្មី និងប្រព័ន្ធលូរំដោះទឹក ដែលបើក​ការដ្ឋានស្ថាបនានៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋក្នុងភូមិសំបួរ ព្រមទាំងជួយសម្រួលដល់ ការធ្វើដំណើរ​បញ្ជៀសការលិចលង់នៅរដូវវស្សា និងបង្កើន​សោភណ្ឌភាព នៃការរស់នៅផងដែរ។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរដល់​ប្រជាពលរដ្ឋទាំងអស់ ​ចូលរួម​សហការ ក្នុងការស្ថាបនាឲ្យបានឆាប់រួចរាល់ និងចូលរួមថែរក្សាដើម្បី ប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះ ​​ប្រជាពលរដ្ឋក្នុងភូមិសំបួរ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ ការលំបាករបស់ពួកគាត់ និងជួយសម្រួល​ដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕