(ភ្នំពេញ)៖ ក្រុមហ៊ុន Ruckus Networks ដែលជាក្រុមហ៊ុន ARRIS ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយក្រុមហ៊ុន AWS Cambodia Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asia Wiring Systems (AWS) Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីជំរុញការអភិវឌ្ឍន៍ទាំងបណ្តាញមានខ្សែ (Wired) និងឥតខ្សែ (Wireless) ទៅកាន់វិស័យសាធារណៈ និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដែរ AWS Cambodia នឹងចែកចាយនូវផលិតផល Ruckus Networks ទាំងអស់ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Ruckus Networks Asia Pacific នៅក្នុងប្រទេសកម្ពុជា រួមមានដូចជា WLAN Controller, APs Indoor, APs Outdoor, ICX Switch, Secure access software ហើយនិង កម្មវិធីវិភាគទីតាំង (Analytics and Location software) ក៏ដូចជាដំណោះស្រាយលើប្រព័ន្ធ (IoT) ជាដើម។

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅ​របស់ក្រុមហ៊ុន AWS Cambodia បានឲ្យដឹងថា បន្ទាប់ពីមានភាពជោគជ័យ ក្នុងការចែកចាយផ្ដាច់មុខ (Distribution Channel) សម្រាប់ផលិតផល Ruckus នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះយើងកំពុងបង្កើនការផ្តល់ជូនអតិថិជន​នូវសេវាកម្មដ៏ល្អបំផុត។ ដោយសង្ឃឹមថា ភាពជាដៃគូមួយនេះ នឹងប្រកបទៅដោយផ្លែផ្កាជាមួយក្រុមហ៊ុន Ruckus Networks ក្នុងការផ្តល់ជួននូវដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដល់អតិថិជន​នៅក្នុងប្រទេសកម្ពុជា តាម​រយៈកិច្ចសហការជាបន្តបន្ទាប់ដែលនឹងជួយឲ្យអតិថិជនរ ទទួលបានបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិត​។

លោក William Ho អនុប្រធានជាន់ខ្ពស់ នៃអាស៊ីប៉ាស៊ីហ្វិកនិងជប៉ុន នៃក្រុមហ៊ុន ARRIS បានគូសបញ្ជាក់ថា បណ្តាញខ្សែ និងឥតខ្សែ (Wireless Networking) របស់ Ruckus គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការផ្តល់ជូនទៅដល់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា​។ ក្រុមហ៊ុនប្តេជ្ញាជួយដល់ដៃគូ​ក្នុងប្រទេស​ និងផ្តល់នូវតម្លៃកាន់តែពិសេសដល់អតិថិជនរបស់ពួកគេ គឺដើម្បីចែករំលែកនូវបទពិសោធន៏​ដ៏អស្ចារ្យរបស់ផលិតផល Ruckus នៅក្នុងទីផ្សារកម្ពុជា​។

សូមជម្រាបថា AWS គឺជាក្រុមហ៊ុនដែរឈានមុខគេខាងផ្នែកចែកចាយ ផលិតផលបណ្ដាញទូរគមនាគម៍ព័ត៌មានវិទ្យា រួមទាំងប្រព័ន្ធគ្រប់គ្រង់សុវត្ថិភាព សម្រាប់អគារ និងដំណោះស្រាយព័ន្ធទំនាក់ទំនងព័ត៌មានវិទ្យា (ICT) នៅអាស៊ីអាគ្នេយ៍។ ចាប់តាំងពីឆ្នាំ១៩៩៣ AWS ទទួលបានការទទួលស្គាល់យ៉ាងមុតមាំ ចំពោះសេវាកម្មដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ជាមួយតម្លៃសមរម្យ ព្រមទាំងប្រកបដោយគុណភាព។

បច្ចុប្បន្នវត្តមានរបស់ក្រុមហ៊ុន AWS បានពង្រីកទៅដល់៨ប្រទេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់ទូរទាំងប្រទេសសិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។ AWS បានធ្វើការជាមួយអតិថិជនដែលមានទីតាំងសំខាន់ៗ ជាង១,០០០កន្លែងនៅទូទាំងតំបន់ អាស៊ីអាគ្នេយ៍។ អតិថិជនសំខាន់ៗរបស់ក្រុមហ៊ុន AWS រួមមានក្រុមហ៊ុនម៉ៅការ, M&E, System Integrators, និងនៅតាមបណ្ដា ឧស្សាហកម្មផ្សេងៗទៀតដូចជា ធនាគារ, ទូរគមនាគមន៍ (Telecom), Multinational Company (MNCs), អគារពាណិជ្ជកម្ម, ហាងលក់ដុំនិងរាយ, បដិសណ្ឋារកិច្ច, ស្ថាប័នអប់រំ, ស្ថាប័នរដ្ឋ និង នៅមានជាច្រើនទៀត។

ខណៈពេលដែលបច្ចេកវិទ្យាជំនាន់ថ្មី នៃប្រព័ន្ធ Wi-Fi និងការតភ្ជាប់ (Connectivity) របស់ Ruckus Networks កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ ក្នុងការគាំទ្រដល់ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សហគ្រាស និងវិស័យសាធារណៈកាន់តែច្រើននោះ ដូច្នេះក្រុមហ៊ុន AWS Cambodia នឹងផ្តល់ជូននូវដំណោះស្រាយទាំងនេះ យ៉ាងពេញលេញ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Ruckus Networks ដែលជាក្រុមហ៊ុន ARRIS គឺមានភាពល្បីល្បាញ យ៉ាងខ្លាំងទូទាំងពិភពលោក ហើយ​នឹងសហការជាមួយ​ដៃគូ ដើម្បីចែកចាយប្រព័ន្ធសុវតិ្ថភាពសម្រាប់បណ្ដាញមានខ្សែ (Wired) និងឥតខ្សែ (Wireless) ទៅដល់អង្គភាព នឹងស្ថាប័នធំៗ ដើម្បីបំពេញដល់តម្រូវការរបស់ពួកគេ ក៏ដូចជាការចែករំលែក នូវបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីផងដែរ៕