(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការក្រើនរំលឹក និងសង្កត់ធ្ងន់ឲ្យមន្ដ្រីជំនាញ ក្នុងផែនសណ្ដាប់ធ្នាប់ ត្រូវតែស្រាវជ្រាវ និងដោះស្រាយបញ្ចប់នូវរាល់សំណុំរឿងដែលបានកកសល់យូរឡើងវិញ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញឲ្យមន្ដ្រីជំនាញទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ច ទៅតាមតួនាទីរបស់ខ្លួន ដែលថ្នាក់ដឹកនាំប្រគល់ជូនដោយស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត។

ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ត្រូវបានធ្វើឡើងក្នុងកិច្ ​សរុបលទ្ធផលការងារសណ្ដាប់ធ្នាប់ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ និងពង្រឹងជំនាញ ក្នុងផែនការការងារសណ្ដាប់ធ្នាប់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោកស្នងការរង អនុប្រធានផែន នាយ-នាយរងការិយាល័យជំនាញ នាយ-នាយរងផ្នែក នៃផែនការងារសណ្ដាប់ធ្នាប់ និងអធិការរងស្រុក-ក្រុងទទួលផែនការងារសណ្ដាប់ធ្នាប់​ សរុបចំនួន​១១៥នាក់។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការខេត្ត ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរ ចំពោះកម្លាំងក្នុងផែនការងារសណ្ដាប់ធ្នាប់ ដែលបានបំពេញការងារ កន្លងមកបានយ៉ាងល្អ ប៉ុន្ដទន្ទឹមការងារបែបនេះ ក៏ត្រូវពង្រឹង និងបង្កើនសកម្មភាពបន្ថែមទៀត​។ ជាមួយគ្នានេះ លោកស្នងការ បានទទួលយកនូវសំណូមពរ និងដោះស្រាយបញ្ចប់បញ្ហាដែលប្រឈមផងដែរ៕