(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំមន្ត្រីមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលើដំណើរការរៀបចំគម្រោង «បញ្ជរតែមួយជាតិ»។ លោកបណ្ឌិត គុណ ញឹម ដែលមានតួនាទីជាប្រធានក្រុមការងារអនុវត្តន៍គម្រោង «បញ្ជរតែមួយជាតិ» នេះ បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមឲ្យបានសកម្មបំផុត ដើម្បីអនុវត្តន៍គម្រោងមួយនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មានការអញ្ជើញចូលរួមរួមពីអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយ និងរដ្ឋាករ សរុបប្រមាណ ៧០នាក់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាអំពីនីតិវិធី និងកិច្ចដំណើរការពាក់ព័ន្ធការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតដោយក្រសួង-ស្ថាប័នជំនាញដែលចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ បានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិនិត្យ និងពិភាក្សាលើរបាយការណ៍បឋម និងវឌ្ឍនភាពការងារនៃក្រុមអ្នកជំនាញនៃក្រុមហ៊ុន VCC អំពីលទ្ធផលនៃការសិក្សានីតិវិធី និងកិច្ចដំណើការពាក់ព័ន្ធការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្តោតសំខាន់លើ ១) ស្ថានភាពបច្ចុប្បន្ន (As-Is Process) និង ២) ស្ថានភាពអនាគត (To-Be Process) ដែលអាចអនុវត្តបានតាមប្រព័ន្ធអនឡាញបាន និងគម្រូបង្ហាញ (Mock-up Design) ដែលស្របទៅនឹងការអនុវត្តល្អជាអន្តរជាតិ។

លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានស្នើឲ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ បន្តពិនិត្យពិភាក្សាផ្ទៃក្នុងលើផ្នែកពាក់ព័ន្ធរៀងៗខ្លួន និងផ្តល់មតិយោបល់កែលម្អ ដើម្បីជាធាតុចូលបន្ថែមទៀត សំដៅកែលម្អលទ្ធផលនៃការសិក្សានេះ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានឲ្យអ្នកជំនាញក្រុមហ៊ុន VCC បន្តរៀបចំអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ (ដំណាក់កាលទី២) នេះ។

លោកបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រជាវិជ្ជមាននាពេលកន្លងមក និងបានណែនាំឲ្យសមាជិកនៃក្រុមអនុវត្តន៍គម្រោងបញ្ជរតែមួយជាតិទាំងអស់បន្តប្រឹងប្រែងចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តការងារជាមួយអ្នកជំនាញក្រុមហ៊ុន VCC ដើម្បីអាចសម្រេចបាននូវប្រព័ន្ធ «បញ្ជរតែមួយជាតិ» ដំណាក់កាលទី២ តាមពេលវេលាដែលបានគ្រោងទុកសំដៅជំរុញបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

សូមបញ្ជាក់ថា «បញ្ជរតែមួយជាតិ» គឺជាកន្លែងដែលអនុញ្ញាតឲ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយសម្រាប់បំពេញរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធការនាំចេញ នាំចូល និងការឆ្លងកាត់។ សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណ្ណោះ។ គោលដៅសំខាន់បំផុតនៃ​ប្រព័ន្ធ​បញ្ជរតែ​មួយ​ គឺការ​ពង្រឹង​ទំនាក់ទំនង​រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និង​ធុរជននិងធុរជន (G2G)។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងដឹកនាំគ្រប់គ្រងការអភិវឌ្ឍ ជាម្ចាស់កិច្ចប្រតិបត្តិការប្រព័ន្ធ និងជាប្រតិបត្តិករគម្រោងបញ្ជរតែមួយ នៅពេលដែលគម្រោងនេះត្រូវបានដាក់ឲ្យអនុវត្ត៕