(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅតំបន់ទឹកលិច ក្នុងភូមិឃុំមួយចំនួនតាមបណ្តាស្រុកក្រុងទូទាំងខេត្តក្រចេះ កំពុងតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលទឹកទន្លេមេគង្គ ខេត្តក្រចេះ បានហក់ឡើងជាថ្មីលើសពីមុនបន្តិចម្ដងៗ និងអូសបន្លាយរយៈពេលវែង ចាប់តាំងពីដើមខែកក្កដា មករហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ។

ប្រជាពលរដ្ឋបានលើកឡើង អំពីផលលំបាកដែលកំពុងជួបប្រទះ ក្នុងគ្រាទឹកជំនន់នេះថា ពួកគាត់បានជួបផលលំបាកជាច្រើន ខណៈដែលទឹកជំនន់ជនលិចភូមិដ្ឋានរបស់ពួកគាត់ ទាំងក្នុងការរស់នៅ ចិញ្ចឹមសត្វ ការងារប្រកបរបររកស៊ី និងការធ្វើដំណាំកសិកកម្មជាដើម ត្រូវបានខូចខាតទាំងស្រុង ព្រោះទឹកទន្លេឆ្នាំនេះឡើងរយៈពេលយូរខុសពីឆ្នាំមុនៗ។ ទឹកឡើងរយៈពេលត្រឹមតែមួយសប្ដាហ៍ ទៅ១០ថ្ងៃប៉ុណ្ណោះ នឹងស្រកទៅវិញតែឆ្នាំនេះ ទឹកឡើងនៅត្រាំត្រែងអស់រយៈពេលជិត២ខែមកហើយស្រកបានតែ២ទៅ៣ថ្ងៃ ក៏ហក់ឡើងមកវិញលើសដើមទៅទៀត។

រដ្ឋបាលខេត្តក្រចេះ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន អ្នកជុំវិញខ្លួន និងសត្វពាហនៈ។ ជាពិសេសសុវត្ថិភាពកុមារតូចៗ ត្រូវមើលថែឲ្យ នៅឆ្ងាយពីទឹក រស់នៅស្អាត ហូបស្អាត និងមានអនាម័យ និងការពារចំពោះសត្វដែលមានពិស និងត្រូវរាយការណ៍ជាបន្ទាន់ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមការងារស្មគ្រ័ចិត្តដែលនៅជិតបំផុត នៅពេលកើតមានគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕