(កណ្តាល)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល និងរដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកណ្តាល។

នៅក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាច្រើនប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យការងារបោះឆ្នោតសម្រេចបានជោគជ័យ។

លោកបណ្ឌិត ម៉ៅ ភិរុណ ក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ គណបក្សនបាយទាំងអស់ដែលបានចូលរួមប្រគួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ឆ្នាំ២០១៨ ប្រកបដោយសេចកក្តីថ្លៃថ្នូរ មានលក្ខណៈចាស់ទុំខាងនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជោគជ័យនៃការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦នេះ បានឆ្លុះបញ្ចាំង ឱ្យឃើញនូវសមត្ថភាព បទពិសោធន៍ ការងាររៀបចំការបោះឆ្នោត របស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងមានកិច្ចសហការ សម្របសម្រួលយ៉ាងជិតស្និតជាមួយតួអង្គពាក់ព័ន្ធនានា ជំនះបាននូវការលំបាកមួយចំនួន ដែលបានជួបប្រទះផងដែរ។

ជាមួយគ្នានេះដែរលោក គឹម ហុង បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មណ្ឌលខេត្តកណ្តាល មានគណបក្សនយោបាយឈរឈ្មោះចំនួន១៧គណបក្ស។

លោកបន្តថា ក្នុងដំណាក់កាលឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃកន្លងទៅ គណបក្សទាំង១៧ សុទ្ធតែបានរៀបចំកម្មវិធីឃោសនា របស់ខ្លួនគ្រប់ៗគ្នា គ្រាន់តែគណបក្សខ្លះធ្វើការឃោសនាទ្រងទ្រាយធំ ខ្លះធ្វើទ្រង់ទ្រាយតូច ប៉ុន្តែជារួមបានប្រព្រឹត្តទៅយ៉ាងរលូន តាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់ដោយពុំមានការរារាំង និងគ្មានអំពើហឹង្សាអ្វីកើតឡើយ។ លោកបន្តទៀតថា ក្នុងចំណោមអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតមណ្ឌលខេត្តកណ្តាល មានចំនួន៧៣២.៥៧២នាក់ បានមកបោះឆ្នោតចំនួន៦៣២.២៥១នាក់ ស្មើនឹង៨៦,៣១%៕