(ភ្នំពេញ)៖ កម្ពុជារៀបចំវេទិកាអន្ដរសាសនាថ្នាក់ជាតិ​ លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

វេទិកានេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សាសចិកនៃសាសនាធំៗទាំងបួន មន្ដ្រីរាជការ យុវជន យុវនារី និងអង្គការដៃគូរជាតិ និងអន្ដរជាតិ ប្រមាណ១,៧០០អង្គនាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា វេទិកានេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណងបីសំខាន់ៗ៖

​ទី១៖ ដើម្បីបង្ហាញពីភាពសុខដុម នៃសាសនាទាំងឡាយនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាសន្ដិភាព និងការគោរពសិទ្ធិមនុស្ស ដើម្បីសេចក្ដីថ្លៃថ្លូរ និងភាពរីកចម្រើននៃមនុស្សជាតិ។

ទី២៖ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយ ក្នុងការផ្សព្វផ្សាយអប់រំ និងផ្ដល់ចំណេះដឹងអំពីផលប៉ះពាល់នៃអំពើជួញដូរមនុស្សដល់ប្រជាពលរដ្ឋទូទៅ ឲ្យបានចូលរួមបង្ការទបស្កាត់ និងប្រយុទ្ធប្រឆាំងឈានទៅលុប​បំបាត់អំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបនេះ។

ទី៣៖ ដើម្បីលើកកម្ពស់សារសំខាន់ នៃវេទិកាអន្ដរសាសនានៅទូទាំប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វេទិកានេះបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ប្រមុខដឹកនាំជាតិ និងអ្នកដឹកនាំសាសនា នៃសាសនាធំៗទាំងឡាយ នៅក្នុងប្រទេសកម្ពុជា មានជាអាទិ៍ ព្រះពុទ្ធសាសនា សាសនាកាតូលិក គ្រិស្ទបរិស័ទដំណឹងល្អ និងសាសនាឥស្លាម រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការក្នុងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងអន្ដរជាតិ យុវជន យុវនារី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមានឡើងជាបន្ដបន្ទាប់ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា នេះជាសោកនាដកម្ម សម្រាប់មនុស្សជាតិ ដែលបង្កដោយជនអគតិ និងឧក្រិដ្ឋជនទាំងឡាយ ដែលព្យាយាមរកគ្រប់វិធី ដើម្បីកេងចំណេញផលប្រយោជន៍លើអ្នកដទៃ ទោះបីជាធ្វើគេរងទុក្ខវេទនាផ្លូវការ ផ្លូវចិត្ត និងអាយុជីវិតយ៉ាងណាក៏ដោយ ដែលនេះជាអំពើឃោឃៅ​ អមនុស្សធម៌ គួរឲ្យស្អប់ខ្ពើម៕