(ភ្នំពេញ)៖ សន្និបាតអាជីពការងារ ជាវេទិកាមួយដែលមានវាគ្មិនល្បីៗជាច្រើនរូប ធ្វើ​បទបង្ហាញ ចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមពិសេសស្សនិស្សិតបញ្ចប់ការសិក្សា ឲ្យឆ្ពោះដំណើរចាប់យកអាជីពការងារមួយដែលត្រឹមត្រូវ ត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្ត ​របស់ខ្លួនពិតប្រាកដ។

សន្និបាតនេះនឹងរៀបចំឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ដោយរំពឹងថា មានអ្នកចូលរួមប្រមាណ៣ពាន់នាក់ និងមានឱកាសការងារជាង១ពាន់កន្លែង ផ្តល់ជូនពីក្រុមហ៊ុន និងស្ថាប័នចំនួន៥០មកពីវិស័យនានា។

លោក ជា សុខហ៊ី នាយកគ្រប់គ្រងសហគ្រាសសង្គម Outsources Management និងជាអ្នករៀបចំសន្និបាតអាជីពការងារនេះ ឱ្យដឹងថា «គោលបំណងនៃសន្ដិបាត ធ្វើឡើងដើម្បីតម្រង់មនុស្ស នូវបទពិសោធន៍នានា និងជ្រើសរើសយកអាជីពការងារ ដែលខ្លួនស្រឡាញ់ និងសក្តិសមនឹងខ្លួន ដោយត្រឹមត្រូវបំផុត»

លោកបន្ដទៀតថា ក្រៅពីនេះសន្និបាតអាជីពការងារ និងមានគោលបំណង បង្កើតជាវេទិកាអភិវឌ្ឍន៍អាជីពមួយ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចចូលរួមពង្រឹងចំណេះដឹង និងជំនាញរបស់ខ្លួន និងជួយឱ្យពួកគេស្វែងរក មាគ៌ាអាជីពដ៏ជោគជ័យ នាពេលអនាគត។

លោកបន្ថែមទៀតថា សន្និបាតនេះរៀបចំឡើងដោយមានច្រើន កម្មវិធីរួមមាន៖ វេទិកាពិភាក្សា, ការតាំងពិព័រណ៍, ទំព័រឌីជីថល និងថ្នាក់បង្រៀនជំនាញទន់ផ្សេងៗ។ លើសពីនេះ ក៏ផ្តល់ឱកាសការងាររាប់ពាន់កន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ហើយណែនាំពួកគេឱ្យស្គាល់អាជីវកម្ម និងស្ថាប័នធន់តូច និងមធ្យមនានា។

សូមបញ្ជាក់ថា វាគ្មិនកិត្តិយសដែលនឹងបង្ហាញខ្លួននោះរួមមាន៖ លោក ជី សិលា អគ្គនាយក ក្រុមហ៊ុនសប្បាយ, លោក ហ៊ុន ចាន់សាន ស្ថាបនិកក្រុមហ៊ុន Re-Edge Architects, លោក ឃីម សុខហេង ស្ថាបបនិក នៃវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ, លោក សុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុន Codingate, លោក ពេជ្រ បូឡែន អគ្គនាយក Westline Education Group និងលោក Jonathan Yap ប្រធានផ្នែកនៃក្រុមហ៊ុន Smartជាដើម៕