(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំពិធី លៀងសាយភោជន៍ជូន​គណៈប្រតិភូជាន់ខ្ពស់ ក្រសួងការបរទេសឥណ្ឌា ដែលដឹកនាំដោយលោកលោក ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីក្រសួងការបរទេស​ឥណ្ឌា ក្រោយបញ្ចប់ទស្សនៈកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជា។

ថ្លែងក្នុង​ឱកាសនោះ លោក ឃឹម ប៊ុនសុង ​បានសម្តែងនូវមនោសញ្ចេតនារីករាយក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកស្រី ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា និងប្រតិភូ​អមដំណើរ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជន និងរាជរដ្ឋាភិបាល​ទាំងពីរ (កម្ពុជា-ឥណ្ឌា)។

អភិបាលខេត្តសៀមរាប ​បាន​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយ ក្នុងការចូលរួម ចំណែកស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ និងការទូត ចំពោះ​ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា លើគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹម​នឹងនោះរដ្ឋាភិបាលឥណ្ឌា បានជួយឧបត្ថម្ភលើវិស័យមួយចំនួន រួមមាន ការងារជួយឧបត្ថម្ភលើសាលាក្ដីខ្មែរក្រហម ការងារជួសជុលប្រាសាទ តាព្រហ្មក្នុងខេត្តសៀមរាប និងវិស័យជាច្រើនថែមទៀត។

បន្ថែមពីនេះ ​លោក ឃឹម ប៊ុនសុង សូមសម្តែង​នូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះជោគជ័យជាផ្លែផ្កាត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រីរដ្ឋមន្រ្តី​ក្រសួងការបរទេសឥណ្ឌា រ​យៈពេល​០៣ថ្ងៃនេះ ដែលរដ្ឋាភិបាលទាំងពីរ (កម្ពុជា-ឥណ្ឌា) បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងនោះរួមមាន ការជួសជុលប្រាសាទព្រះវិហារ បន្ថែមមួយទៀត លើប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប ដែលជាគម្រោងជួសជុលដោយរដ្ឋាភិបាលឥណ្ឌា។

លោក ឃឹម ប៊ុនសុង ក៏បាន​អបអរសាទរ ការចុះហត្ថលេខា ក្នុងឱកាសដំណើរទស្សកិច្ចនេះ លើឯកសារចំនួន​០២៖ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងកម្ពុជា ស្តីពីការជួស​ជុលប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យាស្ថានជាំតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រ​តិបត្តិការអន្តរជាតិ របស់​កម្ពុជា និងវិទ្យាស្ថាន សេវាបរទេសរបស់ក្រសួងការរទេសឥណ្ឌា។

​ជាមួយគ្នានេះ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលឥណ្ឌា ដែលបានគាំទ្រការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់អាណត្តិទី៦ ដែលត្រូវបានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

សូមជម្រាបថា លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទែសទាំងពីរបន្ថែមទៀត។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី ស៊ុសម៉ា ស្វារ៉ាច បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបានជួបប្រជុំទ្វេភាគីជាមួយ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស៕