(ភ្នំពេញ)៖ ធនាគារ អ៉ឹុម​ ប៊ី ភីអិលស៊ី ខេមបូឌា និងក្រុមហ៊ុនអចលនទ្រព្យស៊ីភីអែល ខេមបូឌា បានចាប់ដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការវាយតម្លៃអចលនទ្រព្យកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នាសណ្ឋាគារ ហ្រ្គេតឌុក ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអែល បានថ្លែងថា «តាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយង្កើនការលក់សេវាអចលនទ្រព្យរបស់ធនាគារអ៉ឹុម ប៊ីហើយធនាគារនឹងប្រើសេវាកម្មរបស់ស៊ីភីអែលក្នុងការវាយតម្លៃអចលនទ្រព្យមុនផ្តល់កម្ចី ទៅអតិថិជន»

លោកឧកញ៉ា បញ្ជាក់ទៀតថា «ស៊ីភីអែល បានសហការជាមួយក្រុមហ៊ុនឯកជនជាច្រើន លើការវាយតម្លៃអលនទ្រព្យនិង បានសហការជាមួយធនាគារស្ទើរតែ៩០ភាគរយក្នុងប្រទេសកម្ពុជា»

លោក Ha Trong khiem អគ្គនាយករងរបស់ធនាគារអ៉ឹុម ប៊ីគ្រុប បានថ្លែងផងដែរថា កិច្ចសហការនេះ បានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ តែទើបនឹងបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ដើម្បីជ្រើសរើសស៊ីភីអែល ជាដៃគូវាយតម្លៃអចលនទ្រព្យតែមួយគត់ របស់ធនាគារអ៉ឹុម ប៊ី។ យុទ្ធសាស្ត្រជាដៃគូសហប្រតិបត្តិការនេះ នឹងធ្វើឱ្យធនាគារ អ៉ឹុម​ ប៊ី និងស៊ីភីអែល មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងការផ្តល់នូវព័ត៌មាននៃការវាយតម្លៃអចលនទ្រព្យ និងពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុនទាំងពីរ»។

លោកអគ្គនាយករងរបស់ធនាគារអ៉ឹុម​ ប៊ីគ្រុប បានរំពឹងថា «ចំនួននៃការដាក់ពាក្យស្នើសុំឥណទាន នឹងកើនឡើងប្រហែល៥០ភាគរយ នៅក្នុងត្រីមាសទី៤ឆ្នាំនេះតាមរយៈការសហការជាមួយស៊ីភីអែល»

សូមជម្រាបថា ធនាគារអ៉ឹុម​ ប៊ីកម្ពុជា ជាធនាគារឈានមុខ ក្នុងការអភិវឌ្ឍសេវាកម្មធនាគារទំនើបពិសេស គឺសេវាកម្មធនាគារ ដែលបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ ដោយបច្ចុប្បន្ន មានសាខាក្នុងរាជធានីភ្នំពេញ៕