(ភ្នំពេញ)៖ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញនូវមោទនៈភាពជាខ្លាំង បន្ទាប់ពីកីឡាកររបស់ខ្លួន បានបង្កើកកំណត់ត្រាប្រវត្តិកសាស្ដ្រដ៏អស្ចារ្យជូនជាតិ ក្រោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ដោយកីឡាករ សាលី អ៊ូមើត នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយលោកបានចាត់ទុកសមិទ្ធិផលនេះ គឺជាជោគជ័យដ៏ធំធេង និងលើសពីការរំពឹងទុករបស់សហព័ន្ធផងដែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិ នៅថ្ងៃទី២៨ ខែសីហានេះ លោក ណុះ ស្លេះ បានបញ្ជាក់ថា ប្រទេសចូលរួមប្រកួតកីឡាម៉ូតូទឹក រួមទាំងអ្នកទស្សនា សុទ្ធតែបានស្ងើចសរសេរកីឡាករជម្រើសជាតិកម្ពុជា ២រូប គឺ សាលី អ៊ូមើត និង ម៉ីន មូស្ដាន ដែលបានបង្ហាញសមត្ថភាព និងបច្ចេកទេសដ៏ល្អជាមួយវិញ្ញាសា Ski Modified ទោះបី មូស្ដាន បានខូចម៉ូតូក្នុងប្រកួតវគ្គទី១ ក៏ដោយ ។ តែជារួមលោកបានវាយតម្លៃខ្ពស់ចំពោះអ្នកទាំងពីរ ដែលធ្វើបានយ៉ាងល្អ ក្រោយត្រៀមខ្លួនរយៈពេលជាង ១ឆ្នាំ ។

លោកថា «មុន Asian Games យើងត្រៀមជាង ១ឆ្នាំ ទាំងការហ្វឹកហាត់ និងស្វែងយល់ពីកីឡាករនីមួយៗ ដូចជាថៃ អារ៉ាប់រួម ឥណ្ឌូនេស៊ី និងចិនជាដើម តើពួកគេខ្លាំងលើវិញ្ញាសាអ្វី? បន្ទាប់មកយើងបានបង្កើនការហ្វឹកហាត់ និងប្រកួតជាមួយជើងខ្លាំងៗជាច្រើន នៅអឺរ៉ុប អូស្ដ្រាលី ញូស័រឡែន ដើម្បីវាស់ស្ទង់សមត្ថភាព។ នេះគឺជាការត្រៀមរបស់យើង ទម្រាំដណ្ដើមបានមេដាយមាស និងសំរឹទ្ធ ដែលធ្វើឲ្យការរំពឹងទុករបស់យើង បានសម្រេច ហើយលើសពីផែនការ ព្រោះយើងចង់បានត្រឹមមេដាយមាស តែកីឡាករយើងឈ្នះមេដាយសំរឹទ្ធ ១ទៀត ដែលជាជោគជ័យដ៏ធំសម្រាប់សហព័ន្ធ និងប្រទេសជាតិ» ។

ប្រធានសហព័ន្ធដដែលបន្ដថា ជុំវិញជោគជ័យនេះ គឺមានកត្ដារួមផ្សំជាច្រើន ព្រោះកីឡានេះ ក៏ត្រូវការការធ្វើការងារជាក្រុមដែរ ដើម្បីសម្រេចគោលដៅ ពិសេសគឺឆន្ទៈ និងការប្ដេជ្ញាចិត្តផ្ទាល់របស់កីឡាករ ។ លោកថា «ក្នុងនាមជនជាតិខ្មែរ ខ្ញុំមានភាពស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងកីឡាករកម្ពុជា និងស្ញប់ស្ញែង ចំពោះបរទេស  ពិសេសគឺមិត្តភ័ក្ររបស់លោក  Karl Heinrich Knauf ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ លោកបានអូសទាញ និងទាក់ទងមិត្តភ័ក្រជាជាងមេកានិកល្អៗពីអន្ដរជាតិ ដើម្បីជួយគាំទ្រដល់កីឡាករកម្ពុជាឲ្យទទួលបានជោគជ័យ» ។

លើសពីនេះលោក ណុះ ស្លេះ បានសម្ដែងនូវការអគុណ ចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា តាំងពីមុនចេញដំណើរ រហូតដល់ពេលប្រកួត ដែលធ្វើអត្តពលិកមានភាពកក់ក្ដៅ និងមានកម្លាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ។ មិនតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានត្រៀមទទួល និងជួបសំណេះសំណាលអត្តពលិកជ័យលាភី ក្រោយបញ្ចប់បេសកកម្ម និងធ្វើដំណើរមកដល់មាតុភូមិ នាល្ងាចថ្ងៃទី០៣ ខែកញ្ញាខាងមុខភ្លាមៗទៀតផង ។

តាមរយៈការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ជនជាតិបរទេស និងមិទ្ធិផលដ៏ត្រចះត្រង់ក្នុងព្រឹត្តិការណ៍ Asian Games លើកដំបូងនេះ លោករំពឹងថា វិស័យកីឡាម៉ូតូកម្ពុជា  នឹងមានការរីកចម្រើនមួយកម្រិតទៀត ដើម្បីសម្រួចទិសដៅបន្ទាប់ គឺការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ ប៉ុន្ដែទន្ទឹមជាមួយគ្នាប្រធានសហព័ន្ធដដែល បានធ្វើការអំពាវនាវដល់មន្ដ្រី ក្រសួង ស្ថានប័ន និងក្រុមហ៊ុននានា ដែលមានលទ្ធភាព ចូលរួមបង្កើតក្លឹប ដើម្បីបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ខណៈសហព័ន្ធបានត្រៀមខ្លួនជាស្រេច ក្នុងការជួយផ្នែកបច្ចេកទេស ដើម្បីសម្រេចគោលដៅរួមនាពេលអនាគត ។

គួរបញ្ជាក់ថា លោក ណុះ ស្លេះ ក្រៅពីចូលរួមផ្ដល់កម្លាំងចិត្តផ្ទាល់ជាមួយកីឡាករ នៅឥណ្ឌូនេស៊ី លោកត្រូវបានគណៈកម្មការកីឡា Asian Games លើកទី១៨ តែងតាំងជាមន្ដ្រីគណៈកម្មការបច្ចេកទេស នៃការប្រកួតកីឡាម៉ូតូទឹកនេះផងដែរ ។ ឯសមិទ្ធិផលទទួលបាន គឺកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski  Modifiedនិងឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Runabout 1100 Stock ។ យ៉ាងណាមិញកម្ពុជា មិនទាន់បញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះឡើយ ដោយបណ្ដោះអាសន្នកម្ពុជា កំពុងឈរលេខ២៤ ក្រោយមេដាយមាស ២ និងសំរឹទ្ធ ១ ខណៈមេដាយមាស ១ គឺដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ៕