(ភ្នំពេញ)​៖ ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ ដែលស្ថិតនៅផ្ទះលេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ​ដែលត្រូវបានកម្លាំង​សមត្ថកិច្ចចុះ​បង្ក្រាប ដោយចោទថា ផលិតប៊ីចេងក្លែងក្លាយ បានចេញមុខមកបដិសេធ និង​អះអាងថា​ការ​វេច​ខ្ចប់​នេះ​ មានច្បាប់ទម្លាប់​ត្រឹមត្រូវ​។

តាមរយៈការអះអាង របស់ម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេងខាងលើ បានឲ្យដឹងថា ប៊ីចេង​ម៉ាក​ ហ្គូលខាប់ (GoldCup)​ និង​ម៉ាក ​វីន វីន(Winwin)​ ពុំមែន​ជាប៊ីចែងក្លែងក្លាយ​ដូច​ការចោទប្រកាន់នោះ​ទេ ​គឺមាន​វិ​ញ្ញាប​ន​ប័ត្រចុះបញ្ជី​ម៉ា​ក នៅ​ក្រសួងពាណិជ្ជកម្ម​តាមច្បាប់​។​

​សូមរំលឹកថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ទីតាំងវេចខ្ចប់ប៊ីចេងខាងលើ ដោយចោទប្រកាន់ថា ក្លែងក្លាយ និង​ភស្តុតាង​រួមមាន៖ ប៊ីចេង​បាវ​ស​ចំនួន៣៥២​បាវ ​ប៊ីចេង​បាវ​គគីរ​ចំនួន១២៥​បាវ ប៊ីចេង​រាយ​ម៉ាក ​Win Win​ចំនួន១៤០​បាវ
ប៊ីចេង​ច្រក​រួច​(500g)​ចំនួន៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​ GoldCup ​ចំនួន​៤៧​កេស ​ប៊ីចេង​រូប​វែក ​(២៥០ក្រាម)​និង​ប៊ីចេង​រាយ ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​ សរុប​ទម្ងន់​ទាំងអស់​ប្រមាណ​១៧​តោន។

​ពាក់ព័ន្ធ​បញ្ហា​នេះ ​ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ ខាងលើ​បានបង្ហាញ​ឯកសារ​ដែល​បញ្ជាក់ថា​
ទីតាំង​វេច​ខ្ចប់​ប៊ីចេង ​នៅផ្ទះ​លេខ​AB45 ​ផ្លូវ​56R ​សង្កាត់​ទួល​សង្កែ​ទី​២ ​ខណ្ឌ​ឬ​ស្សី​កែវ ​នេះ​បាន​ត្រូវ​GS1CAMBIDIA​ ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះ​ថ្ងៃទី​៣១​ ខែតុលា ​ឆ្នាំ​២០១៦ ​បញ្ជាក់ថា​ ជា​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​សុខ ​វួ​ច​លីន ​និង​ជា​សមាជិក​នៃ​ស្ថាប័ន​ GS1CAMBIDIA​។​

​ក្រុមគ្រួសារ​ដដែល​បាន​អះអាងថា​ ប៊ីចេង​ម៉ាក ​GoldCup​ ត្រូវ​ក្រសួងពាណិជ្ជកម្ម​ ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ម៉ាក​កាលពី​ថ្ងៃទី​២៧​ ខែឧសភា ​ឆ្នាំ​២០១៦​ ត្រឹមត្រូវ​តាមច្បាប់​។

​ដោយឡែក​ប៊ីចេង​ម៉ាក ​Win Win ​គឺ​ខាង​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង​ សុខ វួ​ច​លីន ​ទិញ​ពី​ដេប៉ូ​ចែកចាយ​។ តែសេះមាស​ប៊ីចេង ​Win Win​ និង​ឈ្មោះ ​ញ៉េប ​ហួយ​ ដោយមាន​វិក័យប័ត្រ​បញ្ជាក់​ច្បាស់លាស់​គឺ​ប៊ីចេង​ទាំងអស់នេះ​មិនមែន​ក្លែងក្លាយ​ទេ​៕