(ភ្នំពេញ)៖ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនគារអេស៊ីលីដា ភីអិលស៊ី​ បានពន្យល់ប្រជាពលរដ្ឋថា ត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន សម្រាប់ពង្រីកមុខរបរ ឬពង្រីកអាជីវកម្មរបស់ខ្លួន ហើយប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួនឡើយ។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក អ៉ិន ចាន់នី បានពន្យល់ថា អ្នកខ្ចីប្រាក់គួរយល់ដឹងឲ្យបានច្បាស់ ក្នុងការប្រើប្រាស់ឥណទានឲ្យបានត្រឹមត្រូវ ស្របទៅតាមតម្រូវការរៀងៗខ្លួន ដូចជាប្រើប្រាស់ក្នុងការពង្រីកមុខរបរ ពង្រីកអាជីវកម្មពីតូចទៅធំ និងប្រើប្រាស់ផ្សេងៗទៀត ឲ្យមានការរីកចម្រើន ក្នុងជីវភាពរស់សព្វថ្ងៃ ដោយមានគួរប្រើប្រាស់ឥណទានមកទិញឧបករណ៍ ឬសម្ភារប្រើប្រាស់ទំនើបៗ ដែលបង្កមិនមានការរីកចម្រើនដល់ខ្លួន ដូចជានាំឲ្យមានបំណុលជាប់ខ្លួនជាដើមផងដែរ។

លោកបានបន្តថា សម្រាប់ប្រជាពលរដ្ឋក៏ដូចជាអាជីវករ ដែលចង់ប្រើប្រាស់ឥណទានឲ្យត្រូវទៅតាមការរំពឹងទុកនោះ ត្រូវមានរៀបចំគម្រោងឲ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់ទៅតាមតម្រូវការ ដូចជាបង្កើតមុខរបរ ពង្រីកមុខរបរជាដើរ។ ចំពោះគម្រោងការ នៃផែនការនោះដែរ ត្រូវអនុវត្តន៍តាមឲ្យបានត្រឹមត្រូវ ដើម្បីអាចផ្គត់ផ្គង់អាជីវកម្មរបស់ខ្លួន បានយូអង្វែងទៅមុខ និងមានការរីកចម្រើនផងដែរ។

លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្រាប់ប្រជាពលរដ្ឋ ឬអាជីវករ ដែលមានការរៀបចំផែនការហើយ តែផែនការនេះបរាជ័យក្នុងអាជីវកម្ម ត្រូវធ្វើការកែតម្រូវ នៅពេលក្រោយទៀត ដោយមិនត្រូវមានការតូចចិត្ត ឬខកចិត្តនៅពេលដែលយើងធ្លាប់ធ្វើខុស គឺខុសហើយ ត្រូវសិក្សា និងកែតម្រូវពីកំហុសឆ្គង និងរៀនពីកំហុសដែលយើងធ្លាប់ខុសនោះ ដើម្បីប្រែក្លាយទៅជាជោគជ័យ ទៅតាមអ្វីដែលយើងរំពឹងទុក»