(កូរ៉េ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានទូត នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសាច់មាន់ មួយកន្លែង នៅទីក្រុងណាំយ៉ាងជូ របស់ក្រុមហ៊ុន ACE Food Co.,Ltd. ដែលមានសមត្ថភាពកែច្នៃមាន់បានចំនួន១២.០០០ក្បាលក្នុងមួយថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងតម្រូវការទីផ្សារសាច់មាន់របស់កូរ៉េ។

ក្នុងជំនួបពិភាក្សាជាមួយនឹងលោក Yoon, Jun-hyun ប្រធានក្រុមហ៊ុន ACE Food Co.,Ltd. ឯកអគ្គរាជទូត លោក ឡុង ឌីម៉ង់ បានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស ក្នុងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសម្បូរវត្ថុធាតុដើមសម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀប នឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មសមរម្យផងដែរ។

ជាការឆ្លើយតបលោក Yoon ថា លោកពិតមានចំណាប់អារម្មណ៍ជាមួយនឹងឱកាសវិនិយោគនៅកម្ពុជា រួមនឹងសក្តានុពលទីផ្សារដែលកម្ពុជាមាន។ លោកថា នឹងធ្វើការសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។

បច្ចុប្បន្ននេះប្រជាជនកូរ៉េ បាននឹងកំពុងប្រើប្រាស់សាច់មាន់ប្រមាណ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ ១៥kg ក្នុងមួយឆ្នាំ។ ហើយកូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់៣០ភាគរយ នៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លូនពីបរទេសរួមមាន៖ ប្រេស៊ីល និងអាមេរិក ជាដើម៕