(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូ តំណាងក្រុមហ៊ុនអាកាសចរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន (Air China) ជួបសំដែងការគួរសម និងពិភាក្សាអំពីគោលបំណង នៃក្រុមហ៊ុនអាកាសចរជាតិចិន Air China ដែលនឹងធ្វើការហោះហើរត្រង់ផ្ទាល់ ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ក្នុងការឆ្លើយតប ទៅនឹងទំនាក់ទំនងល្អ រវាងប្រទេសទាំង២ កំណើននៃភ្ញៀវទេសចរចិន ពង្រឹងការលើកកំពស់ ការតភ្ជាប់ការហោះហើរ រវាងប្រទេសទាំងពីរ ជំរុញកំណើនភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គេហទំព័រ Facebook របស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះផ្សាយថា ក្នុងជំនួបពិភាក្សានោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមធ្វើការគាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងជួយសម្រួលបែបបទបច្ចេកទេសនានា ធ្វើយ៉ាងណាឲ្យមានការហោះហើរត្រង់ មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរនឹងចាប់ផ្តើមនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុង១សប្តាហ៍។

លើសពីនេះទៅទៀត នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងជំរុញនូវចំណងមិត្តភាព ប្រទេសទាំង២ កាន់តែជិតកំណើនអ្នកដំណើរតាមផ្លូវអាកាស កាន់តែច្រើនថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ចកម្ម រវាងប្រទេសទាំង២កាន់តែល្អប្រសើរ។

ប្រតិភូតំណាងក្រុមហ៊ុនអាកាសចរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន (Air China) បានថ្លែងអំណរគុណ ដល់នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ ចំពោះការគាំទ្រយ៉ាងពេញទំហឹង ការហោះហើរត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ៕