(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់ក្រសួងពាក់ព័ន្ធទាំងអស់ ចូលរួមឆ្លើយតបនឹងភាពប្រឈមថ្មីៗដែលកើតឡើង ដោយសារជំងឺមិនឆ្លង ដើម្បីឆ្លើយតប ទៅនឹងផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី «ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧» ដោយក្នុងនោះជំងឺមិនឆ្លងចំនួន៤ ជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាល ក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា ។

ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី «ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧» នៅសណ្ឋាគារ កាបូឌីយ៉ាណា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ។

លោកសាស្ត្រាចារ្យ បានថ្លែងទៀតថា ផែនការសកម្មភាពពហុវិស័យជាតិ ស្តីពី ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ បានចូលរួមចំណែកកសាង និងកែលម្អ ក្នុងពេលកន្លងមក រហូតបានសម្រេចរួចរាល់នៅពេលនេះ គឺជាសមិទ្ធផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះវាជាតំរូវការចាំបាច់ សម្រាប់កាត់បន្ថយ និងទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើងនៃជំងឺមិនឆ្លង។ ដូច្នេះ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយ៉ាងសកម្ម ដើម្បីសម្រេចទៅតាមផែនការដែលបានដាក់ចេញនេះ ពិសេសស្របទៅនឹងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រ តាមរយៈកាត់បន្ថយនៃជំងឺ ពិសេសជំងឺមិនឆ្លងនេះ ។

លោកបន្ដថា «ក្នុងចំណោមជំងឺមិនឆ្លង មានជំងឺចំនួន៤ ដែលជាមូលហេតុនៃការស្លាប់ ជាងពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា គឺជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងដង្ហើមរ៉ាំរ៉ៃ ។ ជំងឺមិនឆ្លងទាំងបួននេះហើយ ដែលត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងថែមទៀត ដោយសារតែផលវិបាក ដែលបណ្តាលមកពីឥរិយាបថ របៀបរបបរស់នៅ និងបរិស្ថាន ដែលកំពុងតែមានការប្រួលប្រែ»។

ជំងឺមិនឆ្លង ជាជំងឺរ៉ាំរៃ បណ្តាលឲ្យមានពិការភាព បាត់បង់ពលកម្ម និងកំពុងតែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងមានការខាតបង់សេដ្ឋកិច្ចជាតិយ៉ាងច្រើន។ ប៉ុន្ដែមាវិធានការ សម្រាប់ការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ដ៏មានប្រសិទ្ធភាព ដែលត្រូវអនុវត្ដន៍ ពីព្រោះ៨០% នៃជំងឺមិនឆ្លង អាចបង្ការបានដោយគ្រាន់តែ ដោះស្រាយបញ្ហាប្រឈមចំនួន៤ ដែលទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលគ្មានសុខុមាលភាព និងកង្វះកាយវប្បកម្ម ។

រដ្ឋមន្ដ្រីបន្ដថា «ការរីករាយដាលជំងឺមិនឆ្លងនៅកម្ពុជា មិនអាចដោះស្រាយបាន ដោយក្រសួងសុខាភិបាលតែមួយនោះទេ ហើយមូលហេតុចម្បងជាច្រើន និងកត្ដាកំណត់សុខភាព នៃជំងឺមិនឆ្លង ស្ថិតនៅក្រៅក្រសួងសុខាភិបាល ដូចជាកត្ដាចំណីអាហារ និងបរិស្ថានដែលរស់នៅ ។ ដូចនេះផែនការសកម្មនេះ ដាក់ចេញនូវសកម្មភាពនានា សម្រាប់ក្រសួងពាក់ព័ន្ធ និងរបៀបអនុវត្ដន៍សកម្មភាព ដែលកសាងបន្ដពីអាទិភាព ដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០១៣-២០២០ របស់ក្រសួងសុខាភិបាល ហើយសកម្មភាពនេះ ក៏ចង្អុលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាព។

ទន្ទឹមនឹងនោះ លោក Nick Beresford នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក UNDP បាននឹងកំពុងដឹកនាំ នូវការអនុវត្ដន៍ករណីនៃការវិនិយោគ ទៅលើថ្នាំជក់ ដើម្បីគាំទ្រដល់គោលនយោបាយផ្អែកទៅលើភស្ដុតាង ក៏ដូចជាការចូលរួម របស់វិស័យដទៃរបស់សុខាភិបាល ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ របកគំហើញពីករណីវិនិយោគ ទៅលើវិស័យថ្នាំជក់នេះ គឺនឹងត្រូវបានដាក់បញ្ជូល នៅក្នុងករណីវិនិយោគនៃជំងឺមិនឆ្លង»

ព្រមជាមូយគ្នានោះ លោក Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានឆ្លើយតបផងដែរ «យើងបានប្ដេជ្ញាចិត្ដរួចហើយ ក្នុងការចូលរួមឆ្លើយតបនឹងភាពប្រឈមថ្មីៗ ដែលកើតឡើងដោយសារជំងឺមិនឆ្លង ដោយដាក់ចេញនូវគោលការណ៍សម្រាប់ជំងឺមិនឆ្លងថ្នាក់ជាតិ ឆ្នាំ២០២៥, ការអភិវឌ្ឍគោលនយោបាយ និងផែនការពហុវិស័យ ថ្នាក់ជាតិ, កាត់បន្ថយជំងឺមិនឆ្លង ដោយផ្អែកលើមគ្គុទេសក៍ ដែលបានកំណត់ នៅក្នុងផែនការសកម្មភាព ស្ដីពី ជំងឺមិនឆ្លងរបស់អង្គការសុខភាពពិភពលោក នឹងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីដោះស្រាយជំងឺមិនឆ្លងតាមរយៈ ការថែទាំសុខភាពជាបឋម ដោយផ្អែកលើប្រជាពលរដ្ឋ និងការពង្រីក នូវការគ្របដណ្ដប់សេវាសុខភាពជាសកល»

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងកោតសរសើរ នូវការចូលរួមចំណែកយ៉ាងសកម្មរបស់ដៃគូពាក់ព័ន្ធ និងមន្ដ្រីសុខាភិបាលទាំងអស់ មិនត្រឹមតែមកលើសុខុមាលភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមកលើផលិតភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងប្រទេសជាតិទាំងមូល ៕