(កំពង់ចាម)៖ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ លោក ស៊ាន ស៊ីណា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារផ្អាវ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម រកឃើញទំនិញខុចគុណភាពមួយចំនួនផងដែរ។

លោក ស៊ាន ស៊ីណា បានថ្លែងថា ការចុះពិនិត្យរាល់មុខទំនិញបន្លែត្រីសាច់គ្រឿងភេសជ្ជៈ​ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប័ុងកំពិតប៉ោងរលួយ។ល។ នឹងត្រួតពិនិត្យគុណភាពនឹងភាពអនុលោម ដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ​Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល​ដើម្បីកំណត់រកហានិភ័យ។

ទំនិញខូចគុណភាពដែលមន្ត្រីជំនាញត្រួតពិនិត្យរកឃើញរួមមាន៖ នំម៉ាក តុក តុក ចំនួន៣០០កញ្ចប់, ស្ករគ្រាប់ម៉ាក chewy candy ចំនួន១៧កញ្ចប់, ទឹកក្រូចម៉ាក Triple ១២ដប និងម៉ាក Thean Thean ចំនួន៨៤ដប៕