(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីសន្តិសុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំបាន ឧបត្ថម្ភ ឯកសណ្ឋានជូនប្រជាការពារចំនួន២៥សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០៨គ្រឿង ដល់ប្រជាការពារភូមិចំនួន ០៣ភូមិ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។

ជាក់ស្តែងនៅ​ព្រឹកថ្ងៃទី២៨ ខែសីហា​ ឆ្នាំ​២០១៨​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​ដឹក​នាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ- ឃុំ​ ​និងអធិការរងនគរបាលស្រុកស្ទោង នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ បានទៅបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន ២៥សម្រាប់​ និង​វិទ្យុ​ទាក់ទង​ដៃ​ចំនួន ០៨គ្រឿង ជូន​ដល់​កម្លាំង​ប្រជាការពារ​ចំនួន​ ០៣​ភូមិ​ គឺភូមិ​ចំបក់​បញ្ញា​ចំនួន ១២សម្រាប់,​ ភូមិ​បវែង​ចំនួន​ ០៧សម្រាប់​, និង​ភូមិ​គោក​សណ្តែក​ចំនួន​ ០៦សម្រាប់ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ក្រោយពីបំពាក់ឯកសណ្ឋាន និងប្រគល់វិទ្យុទាក់ទងដៃ ជូនដល់ប្រជាការពាររួចមក លោកបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច អំពីភារកិច្ច និងតួនាទី ដល់ប្រជាការពារដែលត្រូវអនុវត្ត ជៀសវាងខុសពីគោលការណ៍ដែលបានដាក់ចេញ ហើយលោកក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ជ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។

លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កន្លងមកលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនឹងសហការី បាន​បំពាក់​ឯកសណ្ឋាន​ចំនួន​ ១៤៥សម្រាប់​ និង​វិទ្យុ​ទាក់ទង​ចំនួន​ ៤៥​គ្រឿង​ រួច​មក​ហើយ​ ជូន​ប្រជាការពារ​ទាំង​១៥​ភូមិ​ នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដើម្បី​ជូន​បងប្អូន​មាន​​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៕