(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំកិច្ចប្រជុំក្រុមការងារស្ថិតិពាណិជ្ជកម្មអន្ដរជាតិ ផ្នែកសេវាកម្មលើទី៥ និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ស្ថិតិពាណិជ្ជកម្មអន្តរជាតិ ផ្នែកសេវាកម្មរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

កិច្ចប្រជុំក្រុមការងារ ស្ថិតិពាណិជ្ជកម្មអន្ដរជាតិ ផ្នែកសេវាកម្មលើទី៥នេះ រៀបចំឡើងក្រោមការសហការពីលេខាធិការដ្ឋានអាស៊ាន និងធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីសំណាក់ សមាជិកក្រុមការងារ នៃបណ្ដាប្រទេសអាស៊ានទាំង១០ និងរៀបចំឡើងក្នុងទឹកដីអង្គរ ក្រុងសៀមរាប។

សូមបញ្ជាក់ថា ក្រុមការងារស្ថិតិពាណិជ្ជកម្មអន្ដរជាតិ ផ្នែកសេវាកម្មនេះ ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងបន្ស៊ីគ្នានៃស្ថិតិពាណិជ្ជកម្មអន្តរជាតិផ្នែកសេវាកម្ម ក្នុងគោលដៅគាំទ្រការរៀបចំគោលនយោបាយអាស៊ាន ដោយផ្អែកលើភ័ស្តុតាង ក្នុងការគ្រប់គ្រងលំហូរ នៃសេវាកម្ម ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន រវាងសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក៕