(ចិន)៖ រដ្ឋាភិបាលចិន នឹងពិនិត្យមើលលើបញ្ហាមួយចំនួន អំពីគ្រឹះស្ថានសិក្សាក្រៅម៉ោងសាលារដ្ឋ នៅទូទាំងប្រទេសចិន នៅត្រឹមដំណាច់ឆ្នាំនេះ ដើម្បីកាត់បន្ថយសម្ពាធដ៏ច្រើន ដែលគ្រឹះស្ថានសិក្សាទាំងនោះ បានដាក់ទៅលើសិស្ស។ នេះបើយោងតាមក្រសួងអប់រំចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

គ្រឹះស្ថានអប់រំក្រៅពីសាលារដ្ឋចំនួន៣៨២,០០០នាក់គ្រឹះស្ថាន ទូទាំងប្រទេសចិន ត្រូវបានត្រួតពិនិត្យ បើគិតត្រឹមថ្ងៃទី២០ ខែសីហានេះ។ ក្នុងចំណោមនោះ មាន៤៥,០០០សាលា ត្រូវបានរកឃើញថា មានបញ្ហាផ្នែកមើលថែសិស្សានុសិស្ស ដែលត្រូវបានកែតម្រូវឡើងវិញ។ នេះបើយោងតាមលោក លូ យូកាង ប្រធានមន្ទីរអប់រំកម្រិតបឋម នៅក្រសួងអប់រំចិន។

លោក លូ និយាយថាក្រសួងអប់រំចិន នឹងដោះស្រាយចំនុចទាំងឡាយណា ដែលដាក់សម្ពាធបន្ថែមទៅលើសិស្សជាច្រើននាក់ រួមមានដូចជាការបង្រៀនមេរៀនទាំងឡាយណា ដែលហួសពីកម្រិតសមត្ថភាពធម្មតានៃអាយុសិស្ស ក៏ដូចជាការខ្វល់ខ្វាយខ្លាំងពេក ទៅលើការបង្រៀន ដែលដើម្បីតែប្រលងឱ្យជាប់។

វិធានការនេះ ត្រូវបានដាក់ចេញក្រោយពីការិយាល័យរដ្ឋបាល នៃរដ្ឋាភិបាលកណ្តាលចិន បានដាក់ចេញគោលការណ៍ណែនាំ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលមានបំណងចង់ពង្រឹងការត្រួតពិនិត្យលើ គ្រឹះស្ថានទាំងឡាយណាដែលផ្តល់សេវាអប់រំក្រៅម៉ោង ឬ ក្រៅពីបរិវេណសាលារៀន។

មន្ត្រីក្រសួងអប់រំចិន បានសង្កត់បន្ថែមថា អាជ្ញាធរអប់រំនៅតាមមូលដ្ឋាន ត្រូវតែគោរពតាមគោលការណ៍ណែនាំនេះ ព្រមទាំងបង្កើនស្តង់ដារនៃការរៀបចំគ្រឹះស្ថានអប់រំក្រៅម៉ោងសាលារដ្ឋនៅ ក្នុងតំបន់របស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងត្រូវរៀបចំផែនការ និងកាលវិភាគឱ្យបានច្បាស់លាស់តាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាដែលកើតមានកាលពីមុន។

លោក លូ យូកាង ប្រធានមន្ទីរអប់រំកម្រិតបឋម នៅក្រសួងអប់រំចិន និយាយថា «ចំពោះលក្ខណៈវិនិច្ឆ័យដែលកំណត់ថា តើការបង្រៀនក្រៅម៉ោងសាលារដ្ឋណាមួយ ដើរហួរពីកម្មវិធីសិក្សានោះ ពួកយើងនឹងប្រមូលអ្នកជំនាញដែលពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងវិភាគទៅលើកាលវិភាគបង្រៀន ក៏ដូចជាមាតិកានៃវគ្គសិក្សាទាំងនោះ។ ដូច្នេះ យើងត្រូវតែអនុវត្តវិធានការដែលមានប្រសិទ្ធភាព ដើម្បីចង្អុលបង្ហាញផ្លូវដល់គ្រឹះស្ថានអប់រំទាំងនេះ»

ក្រសួងអប់រំចិន ក៏បានឱ្យដឹងដែរថា ខ្លួននឹងផ្តល់យោបល់ដល់អាជ្ញាធរមូលដ្ឋាន អំពីការផ្តល់សេវាក្រៅម៉ោងសិក្សា ដែលជំនួសឱ្យការបង្រៀនថែមម៉ោងឬរៀនគួរ សម្រាប់សិស្សថ្នាក់បឋមនិងមធ្យម។ ក្រសួងក៏នឹងធ្វើកំណែទម្រង់ផ្នែកបង្រៀនឱ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីលើកស្ទួយឱ្យការបង្រៀននៅតាមថ្នាក់រៀន កាន់តែមានប្រសិទ្ធភាពនិងគុណភាព៕ (សារព័ត៌មាន CCTV របស់ចិន)