(ភ្នំពេញ)៖ ប្រជាពលរដ្ឋមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណ៣០០នាក់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម និងនៅទីតាំងឧក្រិដ្ឋកម្ម នៃអតីតគុកទួលស្លែង និងបឹងជើងឯក រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចសិក្សា ខាងលើនេះ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ភាគច្រើននៃពលរដ្ឋ ដែលបានចូលរួមទស្សនកិច្ចសិក្សានេះ គឺជាជនរងគ្រោះ នៃរបបខ្មែរក្រហម។

លោកនេត្រ ភក្ត្រា បានបន្ដទៀតថា ការចូលរួមរបស់ជនរងគ្រោះ ទាំងក្នុងដំណើរការនីតិវិធីច្បាប់ ចំពោះមុខសាលាក្តីខ្មែរក្រហម និងទស្សនកិច្ចសិក្សា ពិតជាមានសារៈសំខាន់ ព្រោះថាជនរងគ្រោះ គឺជាភស្តុតាងរស់មួយ នៃអំពើឧក្រិដ្ឋកម្ម ដែលបានកើតឡើង នៅក្នុងអំឡុងនៃរបប ខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ប្រធានផ្នែកកិច្ចការសាធារណៈ រូបនេះ បានថ្លែងថា រឿងរ៉ាវឈឺចុកចាប់ ការរងទុក្ខខ្លោចផ្សាររបស់ជនរងគ្រោះ គឺជាធាតុផ្សំនៃប្រវត្តិសាស្ត្ររបបកម្ពុជា ប្រជាធិបតេយ្យទាំងមូល។ សក្ខីកម្មនៃជនរងគ្រោះភស្តុតាង នៃអំពើ ឧក្រិដ្ឋកម្ម ដែលបានកើតមានឡើង បានចូលរួមក្នុងការស្វែងរកការពិត និងយុត្តិធម៌ ជូនដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិត។

លោក នេត្រ ភក្ត្រា ក៏បានជម្រាបជូនអ្នកចូលរួម អំពីកិច្ចខិតខំប្រឹងប្រែង របស់សាលាក្តីខ្មែរក្រហម ក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌ដោយគូសបញ្ជាក់ថា រយៈពេលជិត១២ ឆ្នាំនៃដំណើរការរបស់ខ្លួន សាលាក្តី ខ្មែរក្រហម បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្តីលើសំណុំរឿងចំនួន២ គឺសំណុំរឿង០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ដោយបានផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត និងសំណុំរឿង ០០២/០១ ប្រឆាំងនឹងជនជាប់ចោទនួន ជា និងខៀវ សំផន ដែលអតីតមេដឹកនាំខ្មែរក្រហម ជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានអង្គជំនុំជម្រះតុលាការ កំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសប្រជាជន ដោយបង្ខំក្រោយពេលខ្មែរក្រហម ឡើងកាន់អំណាច។

លោក នេត្រ ភក្ត្រា បានបន្តថា នួន ជា បច្ចុប្បន្នមានអាយុ៩២ឆ្នាំ និង ខៀវ សំផន មានអាយុ៨៧ឆ្នាំ កំពុងរង់ចាំការប្រកាសសាលក្រម ក្នុងសំណុំរឿង០០២/០២ បន្តទៀត ដែលគេរំពឹងថា នឹងអាចធ្វើឡើងនៅចុងឆ្នាំ២០១៨ នេះ៕