(ភ្នំពេញ)៖ អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យធនាគារនៅកម្ពុជា បានលើកឡើងពីភាពខុសគ្នា ចំពោះស្ថានភាពរបស់វិស័យធនាគារនៅកម្ពុជា ក្រោយការបោះឆ្នោតអាណត្តិទី៥ (ឆ្នាំ២០១៣) និងការបោះឆ្នោតអាណត្តិទី៦ថ្មីនេះ។

ភាពខុសប្លែកគ្នានោះត្រូវបានលោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ពន្យល់ថា នៅក្រោយការបោះឆ្នោតអាណត្តិមុន (អាណត្តិទី៥) ប្រជាពលរដ្ឋសម្រុកដកលុយចេញពីធនាគារ តែសម្រាប់ការបោះឆ្នោតអាណត្តិនេះវិញ ប្រជាពលរដ្ឋមិនត្រឹមតែមិនបានដកប្រាក់របស់ខ្លួនទេ ថែមទាំងនាំគ្នាទៅដាក់ប្រាក់កាន់តែច្រើឡើង។

គេនៅចាំបានថា ក្រោយការបោះឆ្នោតនៅអាណត្តិទី៥ ស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា មានភាពវឹកវរយ៉ាងខ្លាំង ដោយសារគណបក្សប្រឆាំង មិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោត បង្កឲ្យមានបាតុកម្ម កូដកម្មពាសពេញរាជធានីភ្នំពេញ ដែលនាំប្រជាពលរដ្ឋព្រួយបារម្ភខ្លាំង ពីសុវត្ថិភាពប្រាក់របស់ពួកគាត់។

ថ្លែងក្នុងវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីបោះឆ្នោតអាណត្តិមុនៗ គ្រាន់តែក្នុងថ្ងៃបោះឆ្នោត និងបោះឆ្នោតរួចរយៈពេល២សប្ដាហ៍ សាធារណជនដកប្រាក់អស់១៥០លានដុល្លារ ប៉ុន្ដែក្នុងឆ្នាំនេះវិញ នៅពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត [ចំនួនប្រាក់បញ្ញើ] កំណើនកើន១០០លានដុល្លារមកវិញ ពោលគឺមានអត្រាអ្នកដាក់ប្រាក់បញ្ញើ​កើនឡើង កត្តានៃការកើនឡើងនេះ បណ្ដាលមកពីសាធារណជន ទុកចិត្តលើស្ថេរភាពនយោបាយរបស់កម្ពុជា ស្ថេរភាពនយោបាយនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់ឲ្យមានការលូតលាស់សេដ្ឋកិច្ច ប្រកបដោយចីរភាព បូកផ្សំជាមួយនឹង ភាពងាយស្រួល ក្នុងការប្រើប្រាស់ ប្រព័ន្ធធនាគារអេស៊ីលីដា ក៏ដូចជាបណ្ដាធនាគារផ្សេងទៀតផងដែរ»

លោក អ៉ិន ចាន់នី បញ្ជាក់ថា ភាពនឹងធឹង និងស្ថេរភាពនយោបាយដ៏រឹងមាំ និងល្អប្រសើរនេះ នឹងជួយទាក់ទាញការវិនិយោគ ពីបណ្ដាប្រទេសផ្សេងទៀត ចូលមកវិនិយោគ។

ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ក្រោយការបោះឆ្នោតវិញ លោក អ៉ិន ចាន់នី ក៏បានបញ្ជាក់ថា គ្មានអ្វីប្រែប្រួលនោះទេ។ លោកថា មុននឹងវិនិយោគិនម្នាក់ សម្រេច​ចិត្ត​មកវិនិយោគក្នុងប្រទេសណាមួយ គេត្រូវមើលទៅលើកត្តាធំៗចំនួន៣យ៉ាងរួមមាន៖ ១៖ កត្តាស្ថេរភាពនយោបាយ, ២៖ កត្តាស្ថេរភាពសេដ្ឋកិច្ច, ៣៖ កត្តាស្ថេរភាពសង្គមកិច្ច។

លោកបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជា ច្បាប់វិនិយោគល្អជាងគេហើយ ក្នុងតំបន់អាស៊ាននេះ មានន័យថា វិនិយោគិនបរទេសអាចកាន់កាប់ភាគហ៊ុន ក្នុងអាជីវកម្មនេះបាន១០០ភាគរយ លើកលែងតែបញ្ហាដីប៉ុណ្ណោះ តែចំពោះអាជីវកម្មមិនចាំបាច់តម្រូវឲ្យមាន អ្នកចូលហ៊ុនទេ តែអាចកាន់កាប់ដោយខ្លួនឯងបាន។ ពួកគេអាចយកប្រាក់ចំណេញទៅប្រទេសគេវិញ ដោយមិន​ស្មុកស្មាញឡើយ គ្មានច្បាប់ណាមួយហាមឃាត់នោះឡើយ៕