(តាកែវ)៖ លោក សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបុរីជលសារ ​និង​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និងក្រុមការងារ​ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួយអន្តរាគមន៍ ផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកបុរីជលសារ ខេត្តតាកែវ ​ចំនួន៦០០គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់​ថា ឆ្នាំនេះ​កម្ពស់ទឹកបានឡើងខ្ពស់ ជាងឆ្នាំមុន១ម៉ែត្រ នៅក្នុងពេលដូចគ្នាដែលបណ្តាលឲ្យ មានការលិចលង់ផ្ទះសម្បែង និងដំណាំដាំដុះនានា​របស់ប្រជាពលរដ្ឋ ដែលលោក​បានជំរុញអាជ្ញាធរស្រុក ឃុំ ចុះជួយពលរដ្ ​ជាប្រចំា និងត្រៀមលក្ខណៈ អន្តរាគមន៍ប្រសិនមានករណីបន្ទាប់ៗ ប៉ុន្ដែប្រជាពលរដ្ឋក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវមើលថែកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។​

​បន្ថែមពីនេះ លោក សួស យ៉ារ៉ា បានលើកឡើងថា​​ ការផ្តល់អំណោយសង្គ្រោះបន្ទាន់នេះ ដែលមានស្បៀង អាហារបម្រុង ថ្នាំពេទ្យ សម្ភារប្រើប្រាស់ប្រចំាថ្ងៃនេះ បានធ្វើឡើង តាមការអំពាវនាវរបស់សម្តេច​តេជោ ហ៊ុន សែន ដែលបានលើកឡើងថា នៅក្រោយការបោះឆ្នោត ទោះបី​រដ្ឋសភា​រាជរដ្ឋាភិបាលថ្មី មិនទាន់កើតឡើងជាផ្លូវការក្តី តែមន្រ្តី ថ្នាក់ដឹកនាំ ស្ថាប័នក្រសួងទំាងអស់ ត្រូវចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជួនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ។

លោក សួស យ៉ារ៉ា បានសង្កត់ធ្ងន់ថា សម្តេច​តេជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់ ដល់ការលំបាករបស់ប្រជាពលរដ្ឋប្រទេសពេលវេលា គ្រប់កាលៈទេសៈ ជាក់ស្ដែងនៅក្នុងអាណត្តិទី៦នេះ នៅស្រុកបុរីជលសារ នឹងទទួលបាន​ផ្លូវបេតុង រហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ជាផ្លូវដែលជាចំណងដៃ​របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ​ផងដែរ។

សូមបញ្ជាក់ថា បើតាមអាជ្ញាធរមូលដ្ឋាន កម្ពស់ទឹកដែលបានឡើងយ៉ាងគំហុក ប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យ​ប៉ះពាល់ស្រូវប្រាំង ដីដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន​៦២០គ្រួសារ នៅក្នុងស្រុក បុរីជលសារ។ ក្នុងនោះ ពលរដ្ឋ​៩គ្រួសារ បានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយពលរដ្ឋទំាង៦២០គ្រួសារ បានមកទទួលអំណោយសង្គ្រោះបន្ទាន់ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរ ជាបន្តបន្ទាប់៕​