(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានសំណូមពរ ឲ្យមន្ត្រីគណបក្សប្រជាជនក្នុងស្រុកសន្ទុក ​ខេត្តកំពង់ធំទាំងអស់ បន្តប្រពៃណីសាមគ្គីភាពដើម្បីគាំពារថែរក្សាការពារ ប្រជាពលរដ្ឋឲ្យបានទ្វេដង ឲ្យសមទៅនឹងការផ្ដល់ជំនឿទុកចិត្ត របស់ពួកគាត់មកលើការដឹកនាំ របស់គណបក្សប្រជាជន។

ការស្នើបែបនេះ របស់លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ធ្វើឡើងនៅឱកាស ដែលលោកស្រីអញ្ជើញចូលរួមសំណេះសំណាល ជាមួយបណ្ដាគណៈកម្មាធិការបក្សភូមិ ទូទាំងស្រុកសន្ទុកនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឲ្យដឹងថា «ប្រជាជនជាកម្លាំងដ៏រឹងមាំ និងមិនអាចខ្វះបានឡើយ នៅក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ គ្រប់កិច្ចការតូចធំទាំងឡាយ ប្រសិនបើគ្មាន​ការចូលរួមគាំទ្រ ពីសំណាក់ប្រជាជននោះទេ ច្បាស់ជាមិនអាចសម្រេចបានជោគជ័យឡើយ»

លោកស្រីបន្ដថា ជាក់ស្ដែងដូចជាការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិទី៦ ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅជាសក្ខីភាពស្រាប់។ ហេតុដូច្នេះយើងម្នាក់ៗ ត្រូវរួមសាមគ្គីគ្នាបម្រើប្រជាជន ឲ្យអស់ពីកម្លាំងកាយចិត្ត និងគ្រប់កាលៈទេសៈ ដើម្បីភាពសុខដមរម្យនាក្នុងសង្គមគ្រួសារខ្មែរទាំងមូល ព្រមទាំងអនាគតប្រទេសជាតិ និងកូនចៅគ្រប់ៗជំនាន់ ឲ្យជួបតែសុខសន្តិភាព និងសម្បូររុងរឿងជារៀងរហូត។

នាឱកាសនោះដែរលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ក៏បានផ្ដល់នូវការលើកទឹកចិត្ត ដល់មន្ត្រីបក្សតាមភូមិរួមនឹងអាហារសាមគ្គី មួយពេលដល់អ្នកចូលរួមផងដែរ៕