(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំជាមួយមន្ត្រីជំនាញមកពីបណ្តាប្រទេសនានាក្នុងតំបន់អាហ្វ្រិក ដើម្បីផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការត្រួតពិនិត្យកុងតឺន័រ ដើម្បីទប់ស្កាត់ទំនិញខុសច្បាប់មានដូចជាគ្រឿងញៀនជាដើម។

ជំនួបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ។ គណៈប្រតិភូដែលជួបប្រជុំជាមួយលោកបណ្ឌិត គុណ ញឹម គឺមកពីប្រទេសកេនយ៉ា, អ៊ុយហ្គង់ដា តាន់សានី និងមូសំប៊ិកដែលដឹកនាំដោយលោក Javier Montano មន្រ្តីសម្របសម្រួលថ្នាក់តំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ ដែលជាកម្មវិធីរួមនៃការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក។

នេះជាជំនួបប្រជុំលើកទីមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយមន្រ្តីអនុវត្តច្បាប់ពីបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកក្នុងក្របខណ្ឌកម្មវិធីត្រួតពិនិត្យកុងតឺន័រ។ កិច្ចប្រជុំនេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។

កម្មវិធីត្រួតពិនិត្យកុងតឺន័រ គឺជាគម្រោងរៀបចំរួមគ្នាដោយការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក (WCO) ហើយមានគោលបំណងទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀត។ បច្ចុប្បន្នមានប្រទេសជិត៥០ កំពុងចូលរួមអនុវត្តកម្មវិធីនេះ។

ក្នុងជំនួបនេះ គណៈប្រតិភូទាំងបួនប្រទេសបានចែករំលែកព័ត៌មាន និងបទពិសោធន៍ដោយសង្ខេបពីប្រទេសរៀងៗខ្លួន ដែលជាលទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (CCP) របស់ UNODC-WCO។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កម្មវិធី CCP នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងសត្វព្រៃ និងទប់ស្កាត់បទឧក្រិដ្ឋឆ្លងកាត់ព្រំដែន។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជម្រាបអំពីលទ្ធផលល្អប្រសើរក្នុងការអនុវត្តកម្មវិធីនេះ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបញ្ជាក់ថា ក្រោមការគាំទ្រដោយ UNODC កម្ពុជាកំពុងពង្រីកកម្មវិធីនេះឱ្យគ្របដណ្តប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

សម្រាប់ថ្ងៃមុខ និងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនេះ លោក គុណ ញឹម ក៏បានគាំទ្រ និងស្នើឲ្យមន្ត្រីអនុវត្តច្បាប់នៃប្រទេសចូលរួមក្នុងកម្មវិធីនេះ ធ្វើទំនាក់ទំនង និងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោមកម្មវិធីត្រួតពិនិត្យកុងតឺន័រនេះ ដោយប្រើប្រាស់យន្តការពាក់ព័ន្ធផ្សេងទៀតរបស់អង្គការសហប្រជាជាតិ និងអង្គការគយពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ លោក Javier Montanoក៏បានថ្លែងអំណរគុណ លោកបណ្ឌិតគុណ ញឹមដែលបានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដើម្បីមកទស្សនកិច្ចសិក្សានិងចែករំលែកបទពិសោធន៍នៅសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ (ការិយាល័យអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប) និងសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

លោក គុណ ញឹម ក៏បានថ្លែងអំណរគុណដល់ការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) ដែលបាននិងកំពុងគាំទ្រ និងជួយសម្របសម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រនេះ និងបានបញ្ជាក់ថារដ្ឋបាលគយកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដែលចូលរួមអនុវត្តកម្មវិធី CCP តាមរយៈការចែករំលែកព័ត៌មានសម្ងាត់ និងបទពិសោធក្នុងការជំរុញអនុវត្តច្បាប់ក្នុងការទប់ស្កាត់និងបង្ក្រាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀតឱ្យកាន់តែមានប្រសិទ្ធិភាព៕