(កំពង់ចាម)៖ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស កាកបាទក្រហមសាខាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន​២,៣៤០គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

ក្នុងពិធីនេះ ក៏មានការចូលរួមពី ​លោក លន់ លឹមថៃ ទីប្រឹក្សារាជរដ្ឋាភិបាល, លោក ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា, លោក គួច ចំរើន អភិបាល​ខេត្ត, លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ព្រមទាំង​លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីរាជការជាច្រើនរូបទៀត​។​

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ណេង ផ្ដាំផ្ញើ​​ដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ «ស្អាត៣យ៉ាង គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត» និងសូមមើលថែ ចាស់ជរា ជនពិការ និងកូនតូចៗឲ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ នៅពេលគេងត្រូវដាក់មុងការពារកុំឲ្យមូសខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ប្រសិនបើមានបញ្ហាសុខភាព សូម​ប្រញាប់ទៅមណ្ឌលសុខភាពឲ្យបានឆាប់ ហើយសូមប្រញាប់ប្រញាល់ប្រកបមុខរបរបង្កបង្កើនផលឡើងវិញ នៅពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរវិញ។

ប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា តាមរយៈលោក ហ៊ុន ណេង ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខ និងចែករំលែកនូវក្ដីស្រលាញ់មួយនេះ ជូនដល់​ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិ សាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕